(កំពង់ធំ)៖ ប្រជាពលរដ្ឋប្រមាណជិត៨០០នាក់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានចូលរួមប្រារព្ធ ទិវាជាតិនៃការចងចាំ ២០ឧសភា នៅវត្តក្តីអណ្តែត ស្ថិតនៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ។
ក្នុងឳកាសនោះ លោក សុខ លូ បានរម្លឹកនូវការឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ធ្វើឲ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ធ្លាក់ថយក្រោយរាប់ពាន់ឆ្នាំ គ្មានផ្សារ គ្មានប្រាក់កាស គ្មានកម្មសិទ្ធិឯកជន គ្មានសាសនា គ្មានទំនៀមទម្លាប់ប្រពៃណី បាត់អស់វប្បធម៌ជាតិ សង្គមជាតិត្រូវប្រេះស្រាំ បាត់ឯកភាពជាតិ ប្រជាជនបាត់អស់សិទ្ធិ សេរីភាព រស់ជាទាសកររបស់អង្គការ «ក្នុងគុកឥតជញ្ជាំង» ត្រូវគេសម្លាប់ទាំងពូជ ទាំងគ្រួសារ ដោយចោទថាជាភ្នាក់ងារចារកម្ម ខ្លះឈឺស្លាប់ ខ្លះស្លាប់ដោយគ្មានអាហារ។
លោកបន្ថែមទៀតថា ទិវាជាតិនៃការចងចាំ គឺដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន ប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជារម្លឹកឲ្យយុវជន ប្រជាជន បានដឹងពីវីរភាពអ្នកស្នេហាជាតិ។ លោកបានបន្តថា រយៈពេលជិត ៤០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ផ្តើមចេញពីជ័យជម្នះ ៧មករា ធ្វើឲ្យប្រទេសជាតិមានការផ្លាស់ប្តូរយ៉ាងធំធេង ប្រែក្លាយពីគំនរផេះផង់ ស្លាកស្នាមសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ក្លាយជាទឹកដីកំពុងមានការអភិវឌ្ឍយ៉ាងលឿន និងមានចីរភាព មានសន្តិភាព ស្ថិរភាព ការរួបរួមជាតិ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា។
លោកអភិបាលខេត្ត បានទទូចថា ដើម្បីកុំឲ្យគ្រោះមហន្តរាយដូចក្នុងអតីតកាល កើតមានសាជាថ្មីម្តងទៀត សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រ និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវត្តាបាចផ្កាជាសញ្ញាសម្គាល់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា៕