(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តព្រះវិហារ នៅថ្ងៃនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងខេត្ត អញ្ជើញចូលរួមទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីជ្រើសរើមេដឹកនាំប្រទេសប្រកប ដោយព្រហ្មវិហារធម៌ មានទំនួលខុសត្រូវ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោក អ៊ុន ចាន់ដា បានថ្លែងបែបនេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះប្រគល់សមិទ្ធិផលនានារបស់គណបក្ស ជូនប្រជាពលរដ្ឋប្រជាពលរដ្ឋទុកជាចំណងដៃ សម្រាប់ប្រើប្រាស់ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីរសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប។
លោក អ៊ុន ចាន់ដា បានបន្តថា មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព មានការអភិវឌ្ឍន៍គ្រប់វិស័យ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
នៅក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ដា ក៏បានប្រគល់ផ្ទះមួយខ្នង និងសម្ភារៈជាច្រើនជូនគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា មួយគ្រួសារដែលមានជីវភាពក្រីក្រ ព្រមទាំងសម្ភោធផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែប្រវែង៣០០ម៉ែត្រ និងខ្លោងទ្វាសាលាបឋមសិក្សាអនុវិទ្យាល័យប្រមេរុ ផងដែរ៕