(ភ្នំពេញ)៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា វិស័យរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា កំពុងតែដំណើរការទៅមុខយ៉ាងរលូន និងមានភាពរីកចម្រើនទៅមុខជាលំដាប់ ដោយស្ថិតនៅក្រោមការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យកម្មករ-កម្មការិនីរោងចក្រ កាន់តែទទួលបានឱកាសកាសរងារ និងជីវិភាពល្អប្រសើរ ទ្វេឡើង។ ដោយសារតែការងារ នៅក្នុងវិស័យមួយនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងយុវជន-យុវនារី ជាពិសេសនៅតាមបណ្ដារខេត្តនោះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានការលើកទឹកចិត្ត បង្កើតកម្មវិធី «សម្រស់ឯកវាយនភណ្ឌ» ដើម្បីប្រកួតប្រជែងសម្រស់ជារៀងរាល់ឆ្នាំ ផ្ដល់ឱកាសឲ្យអ្នកចង់ក្លាយជាតារា សម្រេចក្ដីស្រមៃរបស់ខ្លួន។
យ៉ាងណាមិញ កាលពីថ្មីៗនេះ គេបានរកឃើញម្ចាស់ជយលាភីពីររូប ដែលមានកំណើតមកពីខេត្តកំពង់ស្ពឺ គឺលោក ឌិន សិត និង កញ្ញា ញឿន ស៊ូវិកញ្ញា ដោយមានទឹកចិត្តស្រឡាញ់វិស័យសិល្បៈ និង ទេពកោសល្យ តាំងពីកំណើតផងនោះ បានធ្វើឲ្យអ្នកទាំងពីរ មានឱកាស ជាប់ជាម្ចាស់ជយលាភី ក្នុងកម្មវិធីមួយនេះ។ មួយវិញទៀត អ្នកទាំងពីរ បានរៀបរាប់ពីបរិយាកាសការងារដ៏ល្អៗ និងភាពល្អប្រសើរ ពាក់ព័ន្ធនឹងការងារក្នុងវិស័យរោងចក្រកាត់ដេរ ក្នុងប្រទេសកម្ពុជា។
អ្នកទាំងពីរ បានបង្ហើបឲ្យដឹង តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ថា ទោះបីជាមានមានមុខរបរជាកម្មកររោងចក្រក្ដី ប៉ុន្តែបានធ្វើឲ្យម្ចាស់ជយលាភីទាំងពីររូបនេះ ទទួលបានជីវភាពល្អប្រសើរ ជាងពេលមុន ដោយក្រៅពីប្រាក់ខែគោល ១៧០ ដុល្លារ អ្នកទាំងពីរទទួលប្រាក់លើកទឹកចិត្ត បន្ថែមផ្សេងៗទៀតជាច្រើន ជាពិសេសស្ដ្រីឆ្លងទន្លេ ទទួលបានថវិកាចំនួន៥លានរៀល ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
បុរសសង្ហា ឌិន សិត ដែលជាបេក្ខជនមកពីខេត្តកំពង់ស្ពី បាននិយាយថា «មានបងប្អូនមួយចំនួន តែងនិយាយថា កម្មកររោងចក្រ គឺមានភាពលំបាក ប៉ុន្តែដល់ពេលចូលធ្វើការផ្ទាល់ គឺមានភាពងាយស្រួល ព្រោះផ្ដល់អត្ថប្រយោជន៍ច្រើនដូចជា មានកាត ប.ប.ស.ស ការព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយឥតគិតថ្លៃ ហើយឆ្នាំ ២០១៩ ខាងមុខនេះ មានប្រាក់បៀវត្សរ៍ ទៀតផង»។
លោកបន្តថា «ខ្ញុំចង់ផ្ដែផ្ដាំទៅកាន់បងប្អូនខ្មែរ ដែលកំពុងធ្វើការចំណាកស្រុក ទៅក្រៅប្រទេសថា នៅប្រទេសកម្ពុជា សព្វថ្ងៃនេះ មានការងារស្រួលៗច្រើន ប្រាក់ខែក៏ច្រើនគួរសម បើសិនការងារប្រហាក់ប្រហែលគ្នា គួរតែធ្វើការនៅស្រុកយើង ជិតផ្ទះ ស្រួល មានភាពកក់ក្ដៅនៅជិតគ្រួសារ ព្រោះនៅឆ្ងាយពីគ្រួសារមានភាពលំបាក។ ឧទាហរណ៍ ពេលឈឺថ្កាត់ មានឪពុកម្ដាយ នៅមើលថែ»។
ដោយឡែក សម្រាប់បេក្ខនារីដែលមានអាយុ១៨ ឆ្នាំ កញ្ញា ញឿន ស៊ូវិកញ្ញា ក៏បានបន្ថែមពីលើនេះទៀតថា «នាងខ្ញុំអាចប្រើប្រាស់ភាសាចិន បានខ្លះ ដោយព្យាយាមរៀន ជាមួយអ្នកបកប្រែ ដូច្នេះខ្ញុំអាចប្រាស្រ័យទាក់ទង ជាមួយថៅកែចិន បានងាយស្រួល»។
ទោះជាយ៉ាងណា អ្នកទាំងពីរ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យរីកចម្រើនដល់សព្វថ្ងៃ ប្រកបដោយសន្ដិភាព ព្រមទាំងយកចិត្តទុកដាក់ ដល់កម្មករ-កម្មការិនី នៅស្រុកខ្មែរ រហូតបង្កើតជាកម្មវិធីមួយនេះ ដែលបង្កើតតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ។
យ៉ាងណាមិញ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ថា ម្ចាស់ជយលាភីទាំងពីររូប ក្នុងកម្មវិធី «សម្រស់ឯកវាយនភណ្ឌ ២០១៨» គឺលោក ឌិន សិត និង កញ្ញា ញឿន ស៊ូវិកញ្ញា បកស្រាយពីអ្វីខ្លះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នោះ សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖