(ភ្នំពេញ)៖​ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ នៅប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់កម្រិត «BBB+» ពីភ្នាក់ងារ TRIS Rating​ ដែលនេះ​សបញ្ជាក់ឲ្យឃើញថា ហត្ថាកសិករ មានដំណើរ​ការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថេរភាព និងឈរជើងឈានមុខគេ ដ៏​រឹងមាំនៅក្នុងទីផ្សារកម្ពុជា។

សូចនាករ សំខាន់ៗជាច្រើន ត្រូវបាន​យកមកវាស់វែង ជាអាទិ៍រួមមាន បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឈដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យ​ដ៏ល្អ និង​ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។​

អគ្គនាយករបស់ហត្ថាកសិករ បានលើកឡើងថា លទ្ធផលចំណាត់ថ្នាក់នេះ «BBB+» គឺជាសក្ខីភាព និងបាន​គូស​បញ្ជាក់ប្រាប់ម្ចាស់ភាគហ៊ុនរបស់​ថា ហត្ថាកសិករកំពុងដើរតាមទិសដៅ អាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព​ការងារខ្ពស់ ហើយលោកជឿជាក់ថា ចំណាត់ថ្នាក់នេះនឹងជួយឲ្យហត្ថាកសិករកៀងគរ ប្រភពមូលធនមានជម្រើសផ្សេងៗគ្នា ដើម្បីរួមចំណែកជំរុញកំណើន អាជីវកម្ម​ឲ្យកាន់តែប្រសើរ​បន្តទៅមុខទៀត។

សូមជម្រាបថា ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំលំដាប់ទី៣ នៅប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណពី ធនាគារជាតិ នៃកម្ពុជា (ធនាគារកណ្តាល)។ ដោយមានប្រតិបត្តិការនៅលើទីផ្សាជាង២០ឆ្នាំកន្លងមក ហត្ថាកសិករ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេមួយក្នុងការផ្តល់ សេវាកម្មហិរញ្ញវត្ថុ ដ៏សម្បូរបែបទៅឲ្យអាជីវកម្មខ្នាតតូច និងខ្នាតតូចបំផុត ជាពិសេស​សេវាកម្មកម្ចី និងប្រាក់បញ្ញើសន្សំ តាមរយៈសាខាប្រតិបត្តិការជាង ១៧០សាខា នៅទូទាំងប្រទេស។

នៅត្រឹមខែមេសា ឆ្នាំ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករមានចំនួន ៣៩៩​លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនប្រាក់បញ្ញើសន្សំចំនួន ២២៦,៤២៥នាក់ ខណៈដែលមាន​សម្ពាធឥណទានចំនួន ៦៣៨​លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនឥណទានចំនួន​១៣០,៩៧៤នាក់។

នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិក នៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុ ធំបំផុតនៃប្រទេសជប៉ុន និងលើសកលលោកផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពីហត្ថាកសិករ សូមចូលទៅកាន់គេហទំព័រ៖ www.hkl.com.kh