(ប៉ៃលិន)៖​​ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំប្រារព្ធពិធី «​ទិវាជាតិ នៃការចងចាំ​២០ឧសភា» ដើម្បីរំលឹកដល់​វិញ្ញាណក្ខន្ធ​កម្មា​ភិបាល យុទ្ធជន​យុទ្ធ​នារី និងប្រជាជន​កម្ពុជា​​ ដែល​បានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការ​លះបង់ជីវិត​ប្រកប​ដោយ​​ឧត្តមគតិ​ខ្ពង់ខ្ពស់​ថ្លៃថ្លា​បំផុត និងខ្លះទៀតបានបាត់បង់អាយុជីវិតក្នុងស្ថានភាព​អាក្រក់បំផុត គឺក្នុង​របប​ប្រល័យពូជ​សាសន៍។

ពិធីនេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត, លោក​កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត, លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ ទាំង៣ប្រភេទ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

លោក កើត សុធា បានថ្លែងថា ថ្ងៃ​២០​ឧសភា​នេះ «គឺជា​ថ្ងៃ​ដែលប្រជាជនកម្ពុជា នៅ​ទូទាំង​​ប្រទេស​ប្រារព្ធ​ទិវារំលឹកវិញ្ញណក្ខន្ធដល់​កម្មា​ភិបាល យុទ្ធជន​យុទ្ធ​នារី និងប្រជាជន​កម្ពុជា​​ ដែល​បានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការ​លះបង់ជីវិត​ប្រកប​ដោយ​​ឧត្តមគតិ​ខ្ពង់ខ្ពស់​ថ្លៃថ្លា​បំផុត និងខ្លះទៀតបានបាត់បង់អាយុជីវិតក្នុងស្ថានភាព​អាក្រក់បំផុត គឺក្នុង​របប​ប្រល័យពូជ​សាសន៍»

លោក កើត សុធា បានបន្តថា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់​សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ​នៃ​​កម្ពុជា បានធ្វើឱ្យប្រទេសជាតិ​មានសុខ​សន្តិ​ភាព ​និងមានការកសាង អភិវឌ្ឍន៍ប្រទេសជាតិ​យើង​ឡើងវិញ។ ដូច្នេះ​មាន​តែយើង​ទាំងអស់​​គ្នា​ដែល​ជា​អ្នក​បន្តវេនត្រូវ​តែរួប​រួមសាមគ្គីសហការ គ្នាជាមួយ​ប្រជាជន​គ្រប់​ស្រទាបវណ្ណៈ​ទាំង​អស់ អនុវត្ត​គោល​នយោបាយ ​ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានគណៈបក្សប្រជាជនកម្ពុជា ​ជា​ស្នូលដឹកនាំ​ដើម្បី ​កសាង​និងអភិវឌ្ឍន៍​​ប្រទេសជាតិឱ្យរួចផុតពីភាពក្រីក្រ ហើយឆ្ពោះទៅការរីកចំរើនលើគ្រប់វិស័យ។

ទន្ទឹមនេះលោក ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាការពារសុខសន្តិភាព កុំឱ្យ​ជនអគតិ ឬក្រុមណាមួយ ឬគណបក្សណាមកញុះញង់បំផ្លាញជាដាច់ខាត ហើយនាំគ្នាទៅចូលរួមបោះឆ្នោតជ្រើស​រើស​តំណាងរាស្ដ្រ អាណត្ដិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ បោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជាដើម្បី ប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានសុខសន្តិភាព ទើបមានវិនិយោគទុន បងប្អូន​ប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរ ថ្នាក់​ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស និង បងប្អូន​ប្រជាពល​រដ្ឋ​ក៏បាន​រៀចំពិធីសូត្រមន្តប័ង្សូលរាប់បាត ព្រះស្ឃចំនួន៦៥អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ និងស្លាប់ក្នុង​របបកម្ពុជាប្រជាធិប​តេយ្យ ប៉ុល ពត សូមឱ្យដួងវិញ្ញាណក្ខន្ធ​វីរៈជន​ស្នេហា​ជាតិទាំងអស់​សូមឲ្យបានទៅសោយសុខ​ក្នុងសុគតិភព​កុំបី​ឃ្លាង​​ឃ្លាត​ឡើយ។

សូមបញ្ជាក់ថា «ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ​ កាល​ពីថ្ងៃ​ទី​១៤​ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​។​ ការកំណត់យកថ្ងៃនេះ ធ្វើជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ ​សម្រាប់​ជា​ការ​រំឭក​ដល់​ជន​រងគ្រោះ​ ​និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ក្នុង​របបកម្ពុជា​ប្រជា​ធិបតេយ្យ​ចាប់ពីថ្ងៃទី​១៧ ​ខែ​មេសា​ ​ឆ្នាំ​១៩៧៥​ ​ដល់​ថ្ងៃទី​៦ ​ខែ​មករា​ឆ្នាំ​១៩៧៩៕