(ព្រះវិហារ)៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យ​សង្រ្គាមនៅកម្ពុជា ត្រូវបានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តព្រះវិហារ និងគណៈកម្មការខេត្តយ៉ាឡាយ ប្រទេសវៀតណាម បានរៀបចំ​​ពិធីមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតខ្លួនវិញ នាព្រឹកថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ​២០១៨។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព​ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ និងប្រតិភូរបស់ខេត្តយ៉ាឡាយ ប្រទេសវៀតណាមជាច្រើនរូបទៀត។

​លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តព្រះវិហារ សូមសម្តែងនូវការដឹងគុណ និងចង់ចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាននូវពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបរិចាគក្នុងបុព្វហេតុ ជួយរំដោះជាតិ និងប្រជាជនកម្ពុជាកាលពីអតីតកាល និងសូមគោរពឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលមានអដ្ឋិធាតុជួបជុំនៅទីនេះសូម បានទៅកាន់សុខគតិភព និងធ្វើមាតុភូមិនិវត្តន៍ដោយមង្គល ដើម្បីបានជួបជុំគ្រួសារ សាច់ញាតិ បងប្អូនរបស់ខ្លួនវិញ​។

លោកអភិបាលខត្តបានបន្តថា ឆ្លើយតបទៅនិង​គុណូបការៈ លោកបានគូសបញ្ជាក់ថានឹងនៅបន្ត​អនុវត្តន៍នូវប្រពៃណីសាមគ្គីភាព មិត្តភាព ភាតរភាព និងសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបក្ស​រដ្ឋាភិបាល និងប្រជាជនវៀតណាមជាបន្ត ព្រមទាំងខិតខំប្រែក្លាយចំណង មេត្រីភាពប្រវតិ្តសាស្រ្តនេះទៅជាមូលបទ ញ៉ាំងប្រទេសជាតិ​ទាំងពីរកាន់តែមានកាលានុភាព និងពលានុភាពកសាងប្រទេសជាតិរបស់ខ្លួនបានរីកចម្រើនរុងរឿងជានិរន្ត។

ម្យ៉ាងវិញទៀតដោយឈរលើខ្លឹមសារ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងស្មារតីនៃកិច្ចប្រជុំរវាងគណៈកម្មការរុករក គាស់លើកអដ្ឋិធាតុ ខេត្តព្រះវិហារ និងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តយ៉ាឡាយ ដែលបានធ្វើឡើង កាលពីពេលកន្លងមក រដ្ឋបាលខេត្តព្រះវិហារ និងនៅតែបន្តធ្វើកិច្ច សហប្រតិបត្តិការជាមួយភាគីខេត្តយ៉ាឡាយ ធ្វើការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជាបន្តទៅទៀតផងដែរ៕