(ព្រៃវែង)៖ ប្រធានក្រុមការងារឃុំអង្គរទ្រេត និងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ លោក ហ៊ូ សាគុណ និងប្រជាពលរដ្ឋមូលដ្ឋានស្រុកស្វាយអន្ទរ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើង ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ូ សាគុណ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប បានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វគ្មានពេលសម្រាក ពេលគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
លោក ហ៊ូ សាគុណ សង្កត់ធ្ងន់ថា សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិសុខ សន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងមានជីវភាពរស់នៅធូរធារសមរម្យ។ សន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមថែរក្សា ការពារសន្តិភាព និងសណ្តាប់ធ្នាប់សង្គមឲ្យបានគង់វង្ស កុំជឿតាមការញុះញង់របស់ក្រុមជនអគតិមួយចំនួន កុំឲ្យទៅចូលរួមបោះឆ្នោត។
ក្នុងឱកាសនេះដែរ លោក ហ៊ូ សាគុណ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕