(កំពត)៖ មានហេតុការភ្ញាក់ផ្អើលមួយ ខណៈមានជនមិនស្គាល់មុខបានយកគ្រាប់បែក១គ្រាប់ ទៅបោកនៅលើផ្ទះប្រជាពលរដ្ឋមួយគ្រួសារ បណ្តាលឱ្យផ្ទុះ តែសំណាងល្អមិនបណ្តាលឱ្យមាននរណាម្នាក់របួសនៅក្នុងហេតុការណ៍នេះទេ បានកើតឡើងវេលាម៉ោង១០៖០០នាទីយប់ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ ស្ថិតនៅផ្ទះឈ្មោះ ឡុង រី ស្ថិតនៅភូមិជ្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

កម្លាំងសមត្ថកិច្ចស្រុកកំពង់ត្រាច បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ពិតជាមានករណីបំផ្ទុះគ្រាប់បែកដៃ ពិតប្រាកដមែន នៅកន្លែងកើតហេតុខាងលើ តែសំណាងល្អ គ្មានម្ចាស់ផ្ទះណាមួយទទួលរងគ្រោះថ្នាក់ឡើយ។

សមត្ថកិច្ចដដែល បានបន្តថា នៅយប់កើតហេតុមានជនមិនស្គាល់មុខបានបោះគ្រាប់បែកចូលក្នុងផ្ទះជនរងគ្រោះ ឈ្មោះ ឡុង រី ភេទប្រុស អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ សោ យៀន អាយុ៥៣ឆ្នាំ ដែលរស់នៅភូមិ ឃុំ កើតហេតុ។ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ហើយជនល្មើសបានធ្វើសកម្មភាព បោះគ្រាប់បែកចូលលើផ្ទះជនរងគ្រោះ ដែលផ្ទះនេះធ្វើអំពីឈើ មានកម្ពស់ពីដីប្រមាណ២.៥ ម៉ែត្រ ហើយគ្មានជញ្ជាំងមួយចំហៀង បណ្តាលឱ្យផ្ទុះលើរនាបក្តារ ដោយម្ចាស់ផ្ទះប្តី ប្រពន្ធ និងចៅស្រីម្នាក់អាយុ៦ឆ្នាំ ដេកនៅក្រោមផ្ទះ។

តែទោះជាយ៉ាងណា ក្រោយកម្លាំងជំនាញចុះពិនិត្យកន្លែងកើតហេតុ និងប្រមូលបានវត្ថុតាង អាចសន្និដ្ឋានថាជាគ្រាប់បែកដងឈើ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បាននឹងកំពុងតែសហការគ្នា ធ្វើការស្រាវជ្រាវតាមរកមុខជនបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប៕