(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ​ទិវាជាតិ នៃការចងចាំ​២០ឧសភា ជូនដល់​ប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌​ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក នូ ផល្លា ប្រធានប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង​ អភិបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ៣,០០០នាក់ផងដែរ។​

ក្នុងពិធីនោះ លោក ឃឹម ប៊ុនសុង ក៏បានអាននូវវិយោគកថា ដោយបានគូសបញ្ជាក់ថា ថ្វីត្បិតពេលវេលា នៃ​អតីតកាលបានកន្លងផុត៣៩ឆ្នាំក៏ពិតមែន តែភាពឈឺចាប់ខ្លោចផ្សា របស់ប្រជាជនកម្ពុជា នៅតែដិតដាមជាប់ នៅក្នុងក្រអៅបេះដូងរបស់ប្រជាជន​គ្រប់រូប នូវមហាវិនាសកម្ម របស់ប្រជាជនជាង៣លាននាក់ ដែលបានបាត់ បង់ជីវិតយ៉ាងភាពអយុត្តិធម៌ និង​អណោចអធមក្រៃលែង​។

លោក​បន្តទៀតថា ដោយថ្ងៃទី១៨ ខែ​មីនា ឆ្នាំ១៩៧០ បានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ធ្វើប្រជាជនកម្ពុជារងគ្រោះមហន្តរាយដ៏អណោច​អធ័ម ប្រាស់ព្រាត់ក្រុមគ្រួសារបងប្អូន និង​ទទួលរងទុក្ខវេទនាមិនអាចបំភ្លេចបាន​។ ដោយទ្រាំនូវភាពវេទនាលំបាកនៃនរកអវចីនេះ ក៏មានកម្លាំងអ្នកស្នេហាជាតិបរិសុទ្ធ ដែលប្រសូទ្រចេញពីគណបក្សប្រជាជនកម្ពុជា បានបង្កើតនូវ​រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ធ្វើការប្រយុទ្ធប្រឆាំង និងពួកបនប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបាន ជ័យជំនះនាថ្ងៃ​៧មករា ១៩៧៩ បាននាំមកនូវសិទ្ធិសេរីភាពជូនប្រជាជន និង​បន្តខិតខំស្តារ​កសាងប្រទេស ពីគំនរផេះផូផង់។

បើតាមលោក ឃឹម ប៊ុនសុង រាល់ការអភិវឌ្ឍន៍ ការកសាងនូវសមិទ្ធិផលជូនជាតិមាតុភូមិ​របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើន នៅតាមបណ្តាមូលដ្ឋាន​ទាំងវិស័យពុទ្ធចក្រ និង​អាណាចក្រ​។

ម៉្យាងទៀត​សូមឧទ្ទិសដល់ថ្ងៃទិវាជាតិនៃការចងចាំ​២០ឧសភានេះ ឲ្យប្រែក្លាយទៅជាការកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្រ របស់ប្រជាជនកម្ពុជា និង​សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និង​ចូលរួមថែរក្សាការពារសន្តិភាពនៅកម្ពុជា៕