(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិ នៃការចងចាំ២០ឧសភា និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានានៅវត្តក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សម្តេចចក្រី ហេង សំរិន និងលោកជំទាវ ព្រមទាំងអ្នកចូលរួម ក៏បានអញ្ជើញដាក់កំរងផ្កាគោរពវិញ្ញាណក្ខន្ធ ដល់បុព្វការីជន វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី បញ្ញាវន្ត អ្នកស្នេហាជាតិ និងជនរងគ្រោះ ដែលត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌បំផុត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អង្គពិធីទាំងមូល បានទស្សនានូវការសម្តែង ឈុតឆាកទុក្ខលំបាកវេទនា ព្រាត់ប្រាសនិរាស គ្រួសារស្រែកយំទ្រហោ ក្នុងសមុទ្រឈាមសមុទ្រទឹកភ្នែកគំនរផេះផង់ ទទួលរងនូវទារុណកម្មដ៏យង់ឃ្នង កាប់សម្លាប់យ៉ាងរង្គាល សិទ្ធិសេរីភាពគ្រប់យ៉ាង ដែលសម្តែងដោយក្រុមសិល្បមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ សម្ដេច ហេង សំរិន បានលើកឡើងថា ថ្ងៃនេះ ពេលនេះ កាលពី៤៣ឆ្នាំមុន ប្រជាជនកម្ពុជា កំពុងរស់នៅក្នុងភពអន្តរកាល ងងឹតសូន្យសុង ពោរពេញទៅដោយទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាស្រ្តព្រាត់ប្រាស់ រកទីបំផុតគ្មាន ហេដ្ឋារចនាសម្ព័ន្ធរបស់ សង្គមជាតិទំាងមូល ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរ ក្លាយជាគំនរផេះផង់។
មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ហើយបើកឡើងវិញនូវ ទំព័រសករាជថ្មី គឺសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ សម្រេចបាននូវសមិទ្ធិផលធំៗ និងសំខាន់ៗជាប្រវត្តិសាស្រ្ត និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ សេដ្ឋកិច្ចសង្គមមានការរីកចម្រើន យ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យមក្នុងរង្វង់៧% ក្នុង ១ឆ្នាំ។
មហាជោគជ័យទំាងនេះ កើតចេញពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាតែមួយគត់ ហើយបើទោះបីពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នានៅ តែចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ជាតិ ដែលបណ្តាលមកពី ភ្លើងសង្រ្គាមដ៏សន្ធោសន្ធៅ បង្កឡើង ដោយរដ្ឋប្រហាររបស់ពួក លន់ នល់ នៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស និងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ បានកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ពួកឃាតក ប៉ុល ពត អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
អនុស្សាវរីយ៍ដ៏មហាសែនជូរចត់ទាំងឡាយដែលយើងតែងនឹកឃើញ និងចងចាំមិនអាចបំភ្លេចបាន គឺផ្តើមចេញពីថ្ងៃ២០ ឧសភា ឆ្នាំ១៩៧៥ ដែលមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យ បានដាក់ចេញនូវគោលនយោបាយដ៏ខ្មៅងងឹត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត គឺការជម្លៀសប្រជាជន ចេញពីភូមិដ្ឋានដោយបង្ខំ លុបបំបាត់រូបិយវត្ថុ លុបចោលរបបទីផ្សារ ផ្សឹកព្រះសង្ស បិទ វត្តអារាម លុបបំបាត់សាសនា លុបបំបាត់កម្មសិទ្ធិឯកជន បង្កើតផ្ទះបាយរួមទូទាំងប្រទេស បណ្តេញជនបរទេស បិទមន្ទីរពេទ្យ បិទសាលារៀនគ្រប់កម្រិត និងកាប់សម្លាប់ប្រជាជនឯង ដោយគ្មានត្រាប្រណី
បើតាមសម្ដេចពញាចក្រី ហេង សំរិន ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុត ដែលប្រជាជាតិកំពុងទទួល រងនូវគ្រោះមហន្តរាយនេះ បណ្តាកម្លាំងអ្នកសេ្នហាជាតិដ៏បរិសុទ្ធ ដែលនៅសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវីរភាព ប្រឆាំងនឹងរបបនេះ ហើយបានរួមគ្នាបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» នៅថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំប្រជាជនធ្វើការតស៊ូរំដោះប្រទេសជាតិ ពីរបបដ៏យង់ឃ្នងនេះ។
កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និងទទួលបានការជួយឧបត្ថម្ភដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតទទួលបានជ័យជម្នះដ៏ត្រចះ ត្រចង់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ក្នុងទិវាជាតិនៃការចងចំានេះ សម្តេច ហេង សំរិន បានអំពាវនាវដល់ជនរួមជាតិចងចាំ និងដកស្រង់នូវបទពិសោធន៍ ដ៏មហាសោកនាដកម្ម ដែលធ្លាប់បាន កើតមានក្នុងសង្គមជាតិខ្មែរ ចេះរួបរួមគ្នា ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ៕