(ភ្នំពេញ)៖ ថ្លែងយ៉ាងក្បោះក្បាយពីពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមមន្ត្រីកីឡា និងកីឡាករបានប្ដេជ្ញាចិត្តរួចហើយ ក្នុងការត្រៀមខ្លួនទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខ ហើយពួកគាត់ម្នាក់ៗសុទ្ធតែបានបញ្ជាក់ថា កាបោះឆ្នោតពិតជាមានសារសំខាន់ខ្លាំងណាស់។
ខណៈកំពុងបង្វឹកកីឡាករ-កីឡាការិនី ក្នុងសាលនៃសហព័ន្ធកីឡាកាយសម្ព័ន្ធយ៉ាងមមាញឹកផងនោះ លោក ណយ ផាន់ណា មន្ត្រីកីឡាល្បីឈ្មោះមួយរូបបានបញ្ជាក់ថា មិនត្រឹមតែខ្លួនលោកផ្ទាល់ទេ សូម្បីក្រុមគ្រួសាររបស់លោកក៏បានត្រៀមខ្លួនរួចហើយដែរ ក្នុងការទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
លោក ផាន់ណា បានបន្តថា លោកទៅបោះឆ្នោតដើម្បីជ្រើសរើសមេដឹកនាំដែលលោកស្រលាញ់ពេញចិត្ត នាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
មន្ត្រីកីឡាម្នាក់ទៀត គឺលោក ឌុន សាមឌី បានឲ្យដឹងដែរថា មកដល់ពេលនេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឯកសារពាក់ព័ន្ធរបស់លោក គឺត្រៀមរួចរាល់អស់ហើយ ចាំតែថ្ងៃបោះឆ្នោតប៉ុណ្ណោះ។ លោកយល់ច្បាស់ថា ការបោះឆ្នោត គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ បើពលរដ្ឋបោះឆ្នោតជ្រើសរើសមេដឹកនាំខុស ឬមិនបានចូលរួមបោះឆ្នោតទេ មានបញ្ហាអ្វីទៅ គឺពលរដ្ឋខ្លួនឯងនេះហើយជាអ្នកជួបបញ្ហា។ លោកថែមទាំងបានព្រមានថា «មិនមែនជារឿងល្អឡើយ ដែលយើងមិនទៅបោះឆ្នោត»។
ចំណែកឯ កញ្ញា សោ សុឃីម មន្ត្រីកីឡាមាឌមាំមួយរូបដែរ បានប្ដេជ្ញាចិត្តទាំងទឹកមុខមោះមុតថា ឈ្មោះរបស់កញ្ញាមានក្នុងបញ្ជីបោះឆ្នោតហើយ ហើយកញ្ញានឹងទៅបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសមួយរូប ដែលកញ្ញាពេញចិត្ត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ថ្វីដ្បិតមមាញឹកនឹងការងារក្នុងវិស័យកីឡាក៏ពិតមែន ប៉ុន្តែក្រុមមន្ត្រីកីឡាខាងលើសុទ្ធតែបានបង្ហាញឆន្ទៈតាំងចិត្តនឹងទៅបោះឆ្នោតទាំងអស់គ្នា ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដទៃទៀតដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនាប្រទេសកម្ពុជា និងបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ រើសមេដឹកនាំណាមួយដែលខ្លួនពេញចិត្ត និងបន្តការអភិវឌ្ឍកម្ពុជាឲ្យរីកចម្រើនទៅមុខ ពិសេសលើកកម្ពស់វិស័យកីឡាឲ្យមានភាពរីកចម្រើន និងខ្លាំក្លាបន្តទៀតផងដែរ៕