(កំពត)៖ បន្ទាប់ពីកម្លាំងជំនាញចុះទៅឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ អាវុធហត្ថខេត្តកំពត បានបញ្ជូនខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ រួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ ខេត្តកំពត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ រួមមាន៖ ទី១៖ ឈ្មោះ រ័ត្ន សុភារម្យ អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី២៖ ឈ្មោះ មាស ស្រីពុធ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដទាំង២នាក់ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត, ទី៣៖ ឈ្មោះ ផុន កុសល អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក
ខេត្តកំពត, ទី៤៖ ឈ្មោះ ង៉ែត សុភ័ណ្ឌឡី អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត, ទី៥៖ ឈ្មោះ ស៊ឹម សម្បត្តិ អាយុ២០ឆ្នាំ រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត និងទី៦៖ ឈ្មោះ ឡាយ វាសនា អាយុ១៨ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាលក្រុងកំពត ខេត្តកំពត។
លោក ហែម ចាន់ដារ៉ា បានបន្តថា ជនសង្ស័យខាងលើត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានចុះប្រតិបត្តិការបង្ក្រាបបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ សរុបទាំងអស់ មានគ្នា៧នាក់ ប៉ុន្តែមានម្នាក់ឈ្មោះ ណាវ បារាំង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត នោះ ក្រោយពីធ្វើការស្រាវជ្រាវ មិនជាប់ពាក់ព័ន្ធនូវករណីខាងលើនោះទេ ដូច្នេះក៏សម្រេចឱ្យវិលត្រឡប់ទៅផ្ទះវិញ។
ចាប់យកវត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនម៉ាទឹកកក ចំនួន៦កញ្ចប់ធំ មានទម្ងន់ ៤១,០០ក្រាម និងម៉ូតូចំនួន១គ្រឿង ម៉ាកអ៊ិចស៊ិចទ័រ ពណ៌ខៀវ៕