(កំពង់ស្ពឺ)៖ ផ្ទះប្រជាពលរដ្ឋដែលរងការបំផ្លិចបំផ្លាញដោយសារខ្យល់កន្ត្រាក់ចំនួន១៩គ្រួសារ នៅស្រុកថ្ពង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាននាំអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដោយផ្ទាល់ដៃ។
នៅក្នុងឱកាសនោះ លោក វ៉ី សំណាង បានទទូចឱ្យប្រជាពលពលរដ្ឋត្រូវមានប្រុងប្រយ័ត្នខ្ពស់ ដោយតែរដូវវស្សាឆ្នាំនេះ គ្រោះធម្មជាតិបានបំផ្លិចបំផ្លាញដល់ភូមិដ្ឋាន និងឆក់យកអាយុជីវិតពលរដ្ឋជាច្រើននៅទូទាំងប្រទេស និងបានអំពាវនាវដល់អ្នកដែលរងគ្រោះ ដោយសារគ្រោះធម្មជាតិ ត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាមូលដ្ឋាន ដើម្បីជួយសង្គ្រោះ និងដោះស្រាយឱ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្តបានបន្ថែមថា «យើងត្រូវជឿជាក់ទៀតថា ដរាបណាមានកាកបាទក្រហមកម្ពុជា និងសង្គមជាតិស្ថិតក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន គឺមិនទុកឲ្យប្រជាពលរដ្ឋមានការលំបាកហើយប្រទេសជាតិ ទទួលបានការរីកចម្រើន ជាក់មិនខានឡើយ ហើយអំណោយយកមកចែកជូននៅពេលនេះតិចតួចទេ ប៉ុន្តែក៏អាចជួយដោះទាល់បានមួយរយៈ»។
សូមជម្រាបថា ជំនួយដែលពលរដ្ឋរងគ្រោះទាំង១៩គ្រួសារ ក្នុងមួយគ្រួសារទទួលរួមមាន អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ត្រីខ, មី, តង់ ថវិកា, និងសម្ភារផ្សេងៗមួយចំនួនទៀត ៕