(កណ្តាល)៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៨ នៅវត្តសុវណ្ណវតី ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋ និងគណៈពង្រឹងការងារស្រុកខ្សាច់កណ្តាលដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល រួមគ្នាប្រារព្ធ «ទិវាជាតិនៃការចងចាំ» និងធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជា ពលរដ្ឋខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា ទិវានេះ ត្រូវបានរៀបចំឡើងគោលបំណងគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, រំលឹកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះទោះជានៅរស់ ឬបានបាត់បងជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និង ផ្នែកសង្គមដល់ជនរងគ្រោះ និង ក្រុមគ្រួសារ និងចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយការយល់ដឹងអំពីអំពើឃោឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានសារជាថ្មី។
នៅក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានរំលឹកផងដែរថា នាពេលកន្លងទៅថ្ងៃ ២០ ឧសភា ត្រូវបានគេហៅថា «ទិវាចងកំហឹង» គឺ ចងកំហឹងជាមួយរបបខ្មែរក្រហម ដែលបានធ្វើទុក្ខបុកម្នេញ និង កាប់សម្លាប់ប្រជាជនរាប់លាននាក់។ ទង្វើដ៏ព្រៃផ្សៃនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាន។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្រ្តជាច្រើន បានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាបានដើរចាកឆ្ងាយពីសង្គ្រាម រស់នៅក្នុងសុខសន្តិភាព និងកម្ពុជាបានដើរចេញពីសេដ្ឋកិច្ចកម្រិតសូន្យ មកជាប្រទេសដែលមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំ ប្រែក្លាយពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
លោកបណ្ឌិតសភាចារ្យ បន្តថា កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសទទួលកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មកប្រទេសខ្លួនទៅជាប្រទេសមួយដែលបានបញ្ជូនកម្លាំងកងថែរក្សាសន្តិភាព និងមនុស្សធម៌រាប់ពាន់នាក់ទៅកាន់ប្រទេសមួយចំនួនដែលកំពុងជួបប្រទះសង្គ្រាមស៊ីវិលដូចខ្លួនកាលពីអតីតកាល, កម្ពុជាបានប្រែខ្លួនពីជនរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសដែលផ្តល់បទពិសោធន៍ផ្នែកសន្តិភាពដល់ប្រទេសមួយចំនួន, កម្ពុជាបានប្រែក្លាយពីប្រទេសដែលស្ទើរតែគ្មានទេសចរមកជាប្រទេសដែលបានទទួលភ្ញៀវទេសចរប្រមាណ ៥លាននាក់ក្នុងមួយឆ្នាំ។
ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ បានសង្កត់បញ្ជាក់ថា សន្តិភាពជាកត្តាចាំបាច់បំផុត មុននឹងនិយាយពីបញ្ហា ផ្សេងៗដូចជា ការអភិវឌ្ឍ, សិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យជាដើម។
ក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាពលរដ្ឋនាពេលនោះ លោកបណ្ឌិតសភាចារ្យ បានអំពាវនាវ និងលើកទឹកចិត្តដល់សមាជិកសមាជិកានៃអង្គពិធីទាំងមូល, សូមយកស្មារតី ២០ ឧសភា «ទិវាជាតិនៃការចងចាំ» នេះ ជាថ្ងៃកាន់មរណទុក្ខក្នុងប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ស្ថិតនៅជាបុព្វហេតុពិតប្រាកដ ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ៗរូប ដើម្បីបណ្តុះទឹកចិត្តតស៊ូ, ប្រមូលផ្តុំថាមពល, ពុះពាររាល់ឧបសគ្គ មិនឱ្យរបបខ្មែរក្រហមកើតមានជាថ្មីនៅកម្ពុជាទៀតឡើយ ព្រមទាំងសំដៅការតស៊ូឆ្ពោះទៅរកការឯកភាពជាតិទូលំទូលាយ ដើម្បីការពារ និងកសាង មាតុភូមិកម្ពុជា ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។
ទន្ទឹមនេះ លោក ហ៊ាន សាហ៊ីប ក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូន និង ក្មួយៗ ចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ជំរុញការអភិវឌ្ឍដើម្បីភាពសុខសាន្ត សំបូរសប្បាយទាំងអស់គ្នា ទាំងក្នុងអាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ និង សូមលោកយាយ លោកតា បងប្អូន និង ក្មួយៗអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី ៦ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ កុំបីខាន ដើម្បីសន្តិភាព និង អនាគតកូនចៅយើងទាំងអស់គ្នា៕