(ភ្នំពេញ)៖ តារាកំប្លែងនាយ ពែក មី ស្នើឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវ និងថ្នាក់ដឹកនាំជួយអន្តរាគមន៍រកយុត្តិធម៌ ក្រោយរថយន្ដម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ2AP-0198 ដេញបុកម៉ូតូប្អូនប្រុសរបស់លោក បណ្ដាលឲ្យទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋ រងរបួសយ៉ាងធ្ងន់ធ្ងរក្អួតធ្លាក់ឈាម ហើយបើករថយន្ដគេចខ្លួនបាត់ស្រមោល តាំងពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ រយៈពេល៩ថ្ងៃមកហើយ នូវពុំទាន់រកឃើញជនបង្ក និងគ្មានដំណោះស្រាយសោះ។
តារាកំប្លែងនាយ ពែក មី បានបង្ហោះសារ លើបណ្ដាញព័ត៌មានសង្គម Facepook បានបង្ហាញយ៉ាងដូច្នេះថា «មានរថយន្ត១គ្រឿងដេញបុកម៉ូតូប្អូនប្រុសរបស់ខ្ញុំ ធ្វើឲ្យគ្នាភ័យស្លន់ស្លោរទៅដល់បុករបងផ្ទះប្រជាជនរងរបួសយ៉ាងធ្ងន់ធ្ងរ មកទល់ពេលនេះ តាំងពីថ្ងៃទី១០ ខែ៥ ឆ្នាំ២០១៨ មកដល់ថ្ងៃទី១៩ មានរយៈពេល៩ថ្ងៃ ហើយប្អូនប្រុសរបស់ខ្ញុំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រងរបួសយ៉ាងធ្ងន់ធ្ងរ។ រយៈពេល៩ថ្ងៃមកនេះ ទៅជាក្អួតមកសុទ្ធតែឈាម ឥឡូវពួកខ្ញុំព្រួយ បារម្មណ៍អស់សង្ឃឹម ក្នុងមន្ទីរពេទ្យកាល់ម៉ែត គ្រោងបញ្ជូនទៅប្រទេសវៀតណាម ដើម្បីព្យាបាលបន្ត ករណីនេះពួកយើងខ្ញុំបានដាក់ពាក្យបណ្ដឹង ទៅប៉ូលីសខណ្ឌឫស្សីកែវ ជួយរកយុត្តិធម៌ជូនប្អូនប្រុសខ្ញុំ ប៉ុន្តែមកទល់ពេលនេះប៉ូលីសមិនទាន់ដោះស្រាយ នៅឡើយទេ៩ថ្ងៃហើយ អញ្ជឹងខ្ញុំបាទ វីដេអូឃ្លឹបនេះ សូមអំពាវនាវបងៗសមត្ថកិច្ចខណ្ឌឫស្សីកែវ ក៏ដូចជាសមត្ថកិច្ចខាងលើៗទៀត សូមមេត្តាជួយអន្តរាគមន៍ ជួយរកយុត្តិធម៌ជូនប្អូនប្រុសខ្ញុំផង»។
ពាក់ព័ន្ធបញ្ហានេះ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ករណីដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌឫស្សីកែវ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំជំរុញលើវិធានការជំនាញទាំងនីតិវិធី និងប្រតិបត្តិការ តាមអនុសាសន៍ដឹកនាំ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដូច្នេះសូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណៈជនមេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ច។
លោកអនុសេនីយ៍ឯក ហាក់ ប៊ុន ថន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌរស្សីកែវ។ រីឯជនរងគ្រោះឈ្មោះ សាលីម ហ្វាវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ។
របាយការណ៍របស់ លោកអនុសេនីយ៍ឯក ហាក់ ប៊ុន ថន បានបង្ហាញថា ជនរងគ្រោះជិះបើកម៉ូតូស្មាស់ ចូលទៅផ្ទះតាមផ្លូវបុរីពិភពថ្មីអាងទឹក ភ្លាមៗនោះ ស្រាប់តែអ្នកបើកបររថយន្ដធុនត្រា បានបើកយ៉ាងលឿនដេញពីក្រោយ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្មាស់ ទៅបុករបងទ្វារផ្ទះដួលតែម្ដង ចំណែករថយន្ដធុនត្រា ក៏បើកបត់ស្ដាំគេចខ្លួនតែម្ដង។ ក្រោយកើតហេតុកម្លាំងខណ្ឌ និងប៉ុស្ដិ៍ចុះស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យ ដើម្បីកសាងសំណុំរឿង ទៅសាលាដំបូងរាជធានី អនុវត្តតាមនិតិវិធី។
របាយការណ៍ដដែល បានបញ្ជាក់ថា យោងតាមកំណត់ហេតុស្ដាប់ការបំភ្លឺរបស់ឈ្មោះ ឌីមេ ស្វាណាន់ និងឈ្មោះ ផាត់ ចាន់រ័ត្ន សន្និដ្ឋានថា ជនសង្ស័យឈ្មោះ វ៉ាល់ សុវណ្ណមករា ហៅគី ពិតជាបានប្រព្រឹត្តហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (បើករថយន្ដដេញបុកបណ្ដាលឲ្យ ជនរងគ្រោះបុកជញ្ជាំងរបងទ្វារផ្ទះរងរបួសធ្ងន់) ពិតប្រាកដមែន៕