(រតនគិរី)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តរតនគិរី បានរៀបចំទិវា នៃការចងចាំ២០ឧសភា ដែលជាថ្ងៃមិនអាចបំភ្លេចបាន នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ពិធីនេះបានធ្វើឡើងនៅស្តូបអនុស្សាវរីយ៍ ក្រុងបានលុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ ស.ស.យ.ក កាកបាទក្រហម និងប្រជាពលរដ្ឋជាច្រើនកុះករ។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ឧសភា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃរំលឹកនូវឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ដែលឪពុកម្តាយ បងប្អូន ជីតា ជីតាទួត បានឆ្លងកាត់ និងជាការបង្ហាញដល់យុវជនជំនាន់ក្រោយ ឲ្យយល់ដឹង និងចងចាំនូវរបបកម្ពុជាប្រជាធិបតេយ្យ ដោយប្តេជ្ញាមិនឲ្យកើតមានសារជាថ្មីទៀតនោះទេ។
លោកអភិបាលបន្តថា បានជារាជរដ្ឋាភិបាលកម្ពុជាសម្រេចយកថ្ងៃទី២០ ខែឧសភាប្រារព្ធពិធី ព្រោះជាថ្ងៃដែលក្រុមមេដឹកនាំផ្តាច់ការ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដែលមានលក្ខណៈផ្តាច់ការ ឃោឃៅ និងប្រល័យពូជសាសន៍ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់របបនេះ ត្រូវបានផ្តួលរំលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយគណបក្សប្រជាជនកម្ពុជា។ ក្នុងរយៈពេល៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ នៃរបបដឹកនាំរបស់ពួកប្រល័យពូជសាសន៍ ប្រជាជនកម្ពុជារស់រងទុក្ខវេទនា បាត់បង់គ្រប់យ៉ាងនូវសិទ្ធិ សេរីភាព ជំនឿសាសនាការប្រាស្រ័យទាក់ទងគ្នា និងសិទ្ធិផ្សេងៗទៀត។
បន្ថែមពីនេះ លោកបានក្រៀនរំលឹកដល់យុវជនជំនាន់ក្រោយ និងប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណារួបរួមគ្នាកុំឲ្យរបបខាងលើនេះ កើតឡើងសារជាថ្មីទៀត និងជ្រើសរើសមេដឹកនាំណាដែលស្មោះត្រង់ ជាមួយប្រជាជន ដឹងសុខទុក្ខប្រជាជន និងសក្តិសមសម្រាប់ការដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិខាងមុខនេះ៕