(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដែលត្រូវជាថ្ងៃ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» បានបន្តអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ជារៀងរហូត។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃទី២០ ឧសភានេះគឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩)។ គោលបំណនៃទិវាជាតិនៃការចងចាំនេះ គឺបង្កើតឡើងដើម្បីរំលឹក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅនេះ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងទៀតថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប បានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វគ្មានពេលសម្រាក ពេលគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សម្តេចតេជោ សង្កត់ធ្ងន់ថា «សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងមានជីវភាពរស់នៅធូរធារសមរម្យ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូត»។
គួររំលឹកថា ទិវាចងចាំ ២០ ឧសភា កន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង»។ ទិវានេះត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករាឆ្នាំ១៩៧៩។
ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំនេះ ធ្វើឡើងដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី។
មាត្រា២នៃអនុក្រឹត្យនេះចែងថា ទិវាជាតិនៃការចងចាំនេះត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនា ឬទំនៀមទម្លាប់របស់ខ្លួន៕