(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសប្តឹង លោក រ៉ុង ឈុន ប្រធានសហភាពសហជីព ដែលបានញុះញង់ថា ប.ស.ស គេចវេសមិនទទួលខុសត្រូវ ចំពោះកម្មករ និយោជិត ដែលជួបគ្រោះថ្នាក់ការងារតទៅទៀត។ នេះបើតាមលិខិតបដិសេធរបស់ ប.ស.ស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។

សេចក្តីបដិសេធដែលចេញដោយអ្នកនាំពាក្យប.ស.ស ប បានអះអាងយ៉ាងដូច្នេះថា៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សូមធ្វើការបដិសេធចំពោះលិខិតគ្មានលេខ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ របស់បុគ្គល រ៉ុង ឈុន ដេលមានខ្លឹមសារផ្ទុយទាងស្រុងពីសេចក្តីជូនដំណឹងលេខ ៣០/១៨ ប.ស.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨របស់ ប.ស.ស។

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយចំពោះសេចក្តីជូនដំណឹងរបស់ប.ស.ស កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការបញ្ជាក់លើករណីដួលសន្លប់របស់កម្មករ។ លោកចោទថា តាមរយៈសេចក្តីជូនដំណឹងនេះ ជាការគេចវេសមិនទទួលខុសត្រូវចំពោះកម្មករ និយោជិត ដែលមានបញ្ហានៅកន្លែងធ្វើការ ឬម៉ោងធ្វើការ និងផ្ទុយពីសម្តេចតេជោ ហ៊ុន សែន ដែលបាន និងកំពុងចុះជួបកម្មករ និយោជិត។

តាមរយៈលិខិតបដិសេធដដែល ប.ស.ស បានប្រកាសបញ្ជាក់ថា ខ្លួនរក្សាជំហរទទួលខុសត្រូវចំពោះកម្មករ និយោជិត និងចាត់វិធានការដល់បុគ្គលទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់សិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករ និយោជិត។

ប.ស.ស បញ្ជាក់បន្ថែមថា ខ្លួននៅតែបន្តការធានារ៉ាប់រង និងទទួលខុសត្រូវចំពោះកម្មករ និយោជិត ដែលមានបញ្ហាសុខភាព សន្លប់ជាបុគ្គល (ម្នាក់ ឬពីរនាក់) និងសន្លប់ជាសមូហភាព (ច្រើននាក់) ទោះបញ្ហាសន្លប់នោះ ពាក់ព័ន្ធនឹងការងារ ឬមិនពាក់ព័ន្ធនឹងការងារក្តី ក៏កម្មករ និយោជិត អាចទទួលសេវាព្យាបាល និងថែទាំងវេជ្ជសាស្រ្ត នៅគ្រប់មជ្ឈដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយប.ស.ស ដោយឥតបង់ថ្លៃ៕

ខាងក្រោមនេះជាលិខិតបដិសេធរបស់ប.ស.ស៖