(កំពង់ធំ)៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ លោក សុខ លូ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ បានប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន៦៦៨នាក់ បន្ថែមទៀតនៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលសមាជិកទាំងនោះ មកពីអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន៥៣២នាក់ គណបក្សហ្វ៊ុនសិនប៉ិច ចំនួន២៩នាក់ គណបក្សផ្សេងៗទៀតចំនួន២២នាក់ និងគរុសិស្សសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំចំនួន៨៥នាក់។ ហើយនៅក្នុងពិធីនេះដែរធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះដែរលោក សុខ លូ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូន ដែលជាសមាជិកគណបក្សប្រជាជនថ្មី មកពីគណបក្សផ្សេង និងគរុសិស្សសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំ ដែលបានសម្រេចយ៉ាងត្រឹមត្រូវចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសកម្មភាពនយោបាយ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានតែងតែបើកទ្វារជានិច្ចស្វាគមន៍ចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាកសាងប្រទេសយើង ឲ្យមានការអភិវឌ្ឍន៍ កាន់តែរីកចំរើនថែមទៀត។
លោកបានលើកឡើងថា ក្នុងនាមក្មួយៗជាគរុសិស្ស ដែលត្រៀមខ្លួនក្លាយជាលោកគ្រូ អ្នកគ្រូ សូមក្មួយៗ ខិតខំរៀនសូត្រ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗពីលោកគ្រូ អ្នកគ្រូ ក្នុងការជួយបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយបន្ថែមទៀត ហើយក្មួយៗត្រូវខិតខំរៀនសូត្របន្តយកសញ្ញាប័ត្របរិញ្ញាប័ត្រ រៀនភាសារបរទេស បច្ចេកទសកុំព្យូទ័រឲ្យបានស្ទាត់ជំនាញ ដែលអាចយកទៅប្រើប្រាស់បាន ហើយការដែលក្មួយរៀនសូត្រទៅបាន ដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមដឹកនាំនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក សុខ លូ ក៏បានផ្តាំផ្ញើរដល់បងប្អូនសមាជិកចាស់ សមាជិកថ្មី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវត្តាបាចផ្កាជាសញ្ញាសម្គាល់ ដើម្បីគាំទ្រសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះឲ្យបានយូរអង្វែង សម្រាប់អនាគត់កូនចៅយើងបន្តទៅទៀត។
លើសពីនេះទៀតនោះលោកក៏បានពាំនាំ ការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែល បានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគុណបំណាច់របស់បងប្អូន ក្មួយៗគរុសិស្ស ចូលរួមថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត៕