(បន្ទាយមានជ័យ)៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅក្នុងខេត្តបន្ទាយមានជ័យ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា លោកគ្រូ អ្នកគ្រូ គឺសំខាន់ណាស់ នៅក្នុងកាអប់រំធនធានមនុស្ស ហើយធនធានរបស់កម្ពុជា គឺមិនចាញ់គេនោះទេ ទោះបីកម្ពុជាបានជួបប្រទះសង្គ្រាមយ៉ាងណាក៏ដោយ ប៉ុន្តែក្រោយពីបញ្ចប់សង្គ្រាម ក្នុងរយៈពេលជាង២០ឆ្នាំនេះ បានរត់លឿនជាងប្រទេសមួយចំនួនទៀតផង។
ក្នុងពិធីនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ជោគវាសនាអនាគតកម្ពុជា សំខាន់ផ្អែកទៅលើមេដឹកនាំ តាមរយៈការបោះឆ្នោត ដូច្នេះសូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ កក្កដាខាងមុខ ដើម្បីបំពេញកាតព្វកិច្ចជាប្រពលរដ្ឋ និងបោះឆ្នោតជូនមេដឹកនាំ ដែលទទួលខុសត្រូវមានចក្ខុវែងឆ្ងាយ មានក្រុមដែលមានសមត្ថភាព ដែលធ្វើឲ្យមានលំនឹងគោលនយោបាយទៅមុខ ធានានូវនិរន្តភាពការអភិវឌ្ឍប្រទេសជាតិ។
បើតាមលោក ហ៊ុន ម៉ាណែត អនាគតកាល គឺផ្អែកលើលំនឹងសុខសន្តិភាព លំនឹងស្ថេរភាព ទិសដៅផែនការ និងគោលនយោបាយច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ។ និរន្តរភាពនៃសន្តិភាព ស្ថេរភាព និរន្តរភាពនៃការដឹកនាំនេះសំខាន់ណាស់ ព្រោះនិរន្តរភាពទាំងនេះ នឹងធានាដល់និរន្តរភាពផ្សេងទៀត។
អ្វីដែលកម្ពុជាមានសព្វថ្ងៃនេះជាមោទនភាពណាស់ ប៉ុន្តែដែលសំខាន់ជាងនេះ គឺបន្តនិរន្តរភាព រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានធនធានមនុស្ស ដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាព និងមានគោលនយោបាយច្បាស់លាស់ សូមលោកគ្រូ អ្នកគ្រូ បន្តជឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ដឹកនាំ។ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា វិស័យអប់រំនេះហើយដែលបានធ្វើឲ្យប្រទេស មានការរីកចម្រើនមកដល់សព្វថ្ងៃនេះ ហើយរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ទៅលើការងារនេះ ជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែងការចំណាយរបស់រាជរដ្ឋាភិបាលខ្ពស់ លើវិស័យអប់រំបើប្រៀបធៀបនឹងវិស័យផ្សេងៗ ដែល៨០% នៃថវិកាជាតិអនុម័តដោយសភា ដោយចំណាយជាសំខាន់លើការយកចិត្តទុកដាក់ លើជីវភាពរបស់លោកគ្រូ អ្នកគ្រូ តាមរយៈការតម្លើងប្រាក់បៀវត្ស៍ នេះគឺជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល និងជាមោទនភាពរបស់វិស័យអប់រំរបស់កម្ពុជា៕