(កំពត)៖ រដ្ឋបាលខេត្តកំពត តាមរយៈអង្គភាព Fresh News នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ចេញមកបំភ្លឺករណី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លើកឡើងថា អាជ្ញាធរឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច មិនអនុញ្ញាតឲ្យបើកវេទិកាសាធារណៈនោះ គឺជារឿងយល់ច្រឡំបន្ដិចបន្ដួចប៉ុណ្ណោះ ហើយមន្ដ្រីគណបក្សបានដាក់ឯកសាររដ្ឋបាលចំថ្ងៃឈប់សម្រាក។
បើតាមលោក ថៃ សារិ មេឃុំឫស្សីស្រុកខាងលិច បានបញ្ជាក់ថា លិខិតរបស់គណបក្សក៏មានលក្ខណៈជាសេចក្តីជូនដំណឹង មិនមែនជាលិខិតស្នើសុំទេ ដូចនេះរដ្ឋបាលឃុំក៏មិនមានសិទ្ធិអនុញ្ញាត ឬហាមឃាត់ដែរ។
លោក ថៃ សារិ បានបន្ថែមទៀតថា «គណបក្សយុវជនកម្ពុជា ក៏មិនទាន់ដល់ថ្ងៃធ្វើសកម្មភាព តាមការជូនដំណឹងរបស់គាត់ដែរ។ ដោយផ្អែកលើច្បាប់បោះឆ្នោតនីតិវិធី និងការណែនាំរបស់ថ្នាក់លើ លោកនឹងចូលរួមគាំទ្រ ដល់គ្រប់សកម្មភាពគណបក្សនយោបាយស្របច្បាប់ ដែលត្រូវចូលរួមបោះឆ្នោតដោយមិនមានសកម្មភាពរារាំងអ្វីឡើយ»។
ទាក់ទងបញ្ហានេះ លោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តកំពត បានឲ្យដឹងថា កន្លងមករដ្ឋបាលខេត្ត បានណែនាំដល់រដ្ឋបាលស្រុក-ក្រុងចំណុះ ឲ្យខិតខំអនុវត្តការងារគាំទ្រដល់សកម្មភាព និងដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តទៅបានដោយសេរី និងត្រឹមត្រូវតាមច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោត ពិសេសជំរុញ និងសម្របសម្រួលការងារជូនបណ្តាគ្រប់គណបក្សនយោបាយ ដែលត្រូវចូលរួមបោះឆ្នោតឲ្យមានសុខសុវត្ថិភាព និងយុត្តិធម៌ ដូចនេះសកម្មភាពរារាំងទាំងឡាយ និងមិនត្រូវឲ្យកើតមានបានឡើយ។
លោកអភិបាលរងខេត្ត បន្ថែមថា នៅថ្ងៃទី២២ ខែឧសភាខាងមុខ លោកបានអញ្ជើញរួចហើយមេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល ដើម្បីបញ្ជាក់ពីការងារមួយចំនួនទៀត សម្រាប់សម្របសម្រួល និងធ្វើឲ្យដំណើរការបោះឆ្នោតខាងមុខ ស្របតាមច្បាប់ សេរី ស្មើភាព ប្រជាធិបតេយ្យ និងសុខសុវត្ថិភាពល្អចំពោះគ្រប់គណបក្សនយោបាយទាំងអស់។
សូមជម្រាបថា ការចេញមកបកស្រាយរបស់រដ្ឋបាលខេត្តកំពត ធ្វើឡើងបន្ទាប់ពី លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា គណបក្សរបស់លោក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបានអាជ្ញាធរមិនអនុញ្ញាតឲ្យបើកវេទិកាសាធារណៈ នៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ដោយតម្រូវឲ្យទៅសុំច្បាប់ពីអាជ្ញាធរស្រុកជាមុនសិន ទើបអនុញ្ញាតឲ្យបើកវេទិកាសាធារណៈ ដើម្បីសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួន។
ជុំវិញបញ្ហានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សបានអះអាងថា គណបក្សយុវជនកម្ពុជារបស់លោក គឺមានច្បាប់ពីក្រសួងមហាផ្ទៃ ពេញលក្ខណៈផ្លូវច្បាប់ ហើយពេលចុះវេទិកាសាធារណៈម្ដងៗ មិនចាំបាច់ទៅសុំច្បាប់ពីអាជ្ញាធរស្រុកនោះទេ ពោលគ្រាន់តែជូនដំណឹងទៅអាជ្ញាធរឃុំជាការស្រេច ប៉ុន្ដែលើកនេះ បែរជាមេឃុំឫស្សីស្រុកខាងលិច មិនព្រមទទួលទៅវិញ។
ប្រធានគណបក្សវ័យក្មេងរូបនេះ នៅតែប្រកាសរក្សាជំហរបើកវេទិកាសាធារណៈ ដើម្បជួបសំណេះសំណាលជាមួយសកម្មជន គណបក្សយុវជនកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ដើមសប្ដាហ៍ក្រោយនេះ ក្នុងឃុំមេឃុំឬស្ស៊ីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដដែល៕