(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៥៤៧គ្រឿង រកឃើញល្មើសច្បាប់៧២៩គ្រឿង (ម៉ូតូ៦៨ភាគរយ) អប់រំ៣៥៣គ្រឿង និងផាកពិន័យ៣៧៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៨០៩គ្រឿង អប់រំ១៤៩គ្រឿង និងផាកពិន័យចំនួន២៩៩គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៦៤២គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៦,៨០១គ្រឿង រកឃើញយានយន្តល្មើស ១០,៨៣៤ (ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៤,១០៨គ្រឿង និងផាកពិន័យ៦,៧៣០គ្រឿង (ម៉ូតូ៩៦ភាគរយ)៕