(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានសម្ដែងនូវការចងចាំថ្ងៃទី១៩ ខែឧសភា ជាខួបទី៨នៃភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ដល់ភូមិ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១១ និងបានផ្ដល់នូវសមិទ្ធផលមួយចំនួនដល់ពួកគាត់ សម្រួលមធ្យោបាយស្ទើរគ្រប់វិស័យ។
ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបុណ្យផ្ការស្មីសាមគ្គីនៅវត្តគោកត្របែក ដែលប្រារព្ធឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ញ៉ឹក ស៊ីម ថោងខុន និងព្រះអនុគណស្រុកបារាយណ៍ ព្រះតេជគណ លឹម វុទ្ធី លោកអភិបាលស្រុកបារាយណ៍ ហាក់ ម៉ុងហួត លោកអធិការស្រុកបារាយណ៍ និងមេបញ្ជាការអាវុធហត្ថស្រុក នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨។
បើតាមភូមិសាស្ត្រជាក់ស្ដែង ភូមិគោកត្របែក ជាភូមិដាច់ស្រយាលតូចមួយស្ថិតនៅត្រើយខាងកើតជាប់មាត់បឹងទន្លេសាប គៀកព្រំប្រទល់រវាងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ ផ្ទះប្រជាពលរដ្ឋភាគច្រើនសង់ខ្ពស់ផុតពីដីជៀសវាងទឹកលិចនៅខែវស្សា ហើយប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មធ្វើស្រែ និងនេសាទត្រីជាដើម។
បើតាមការរៀបរាប់របស់លោក ថោង ខុន ក៏ដូចជាប្រជាពលរដ្ឋផ្ទាល់ សមិទ្ធផលដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប្រជាពលរដ្ឋនោះ រួមមាន ព្រះវិហារ មណ្ឌលសុខភាព សាលារៀន អណ្ដូងទឹក សាលាឆាន់ កាណូត ប្រឡាយទឹក ជួយកសាងផ្ទះជូនពលរដ្ឋក្រីក្រជាដើម ហើយក្នុងពេលឆាប់ៗខាងមុខ ក៏នឹងមានការសាងសង់ផ្លូវលំមួយខ្សែប្រវែង ១៣គីឡូម៉ែត្រ និងការលើកកម្ពស់ខ្នងទំនប់ដើម្បីនាំទឹកបញ្ចូលស្រែ។ល។
ជាមួយទឹកមុខសប្បាយរីករាយផងនោះ អ្នកមីង ហៃ ដែលជាពលរដ្ឋរស់នៅភូមិគោកត្របែកជិត២០ឆ្នាំមកហើយនោះ បានបញ្ជាក់ថា ពីមុនភូមិគោកត្របែកមិនមានសមិទ្ធផលល្អៗដូចសព្វថ្ងៃនេះឡើយ តែដោយសារមានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាលោក ថោង ខុន ផងនោះ ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធា មានការដំណើរមានការងាយស្រួលជាងមុន កូនចៅរបស់ពួកគាត់មានសាលារៀន មានអណ្ដូងទឹកប្រើប្រាស់ មានវត្តអារាមសម្រាប់ប្រតិបត្តិធម៌អា មានមណ្ឌលសុខភាពពិនិត្យ និងព្យាបាលជំងឺ ពិសេសជួយកាត់បន្ថយការលំបាកចំពោះស្ត្រីឆ្លងទន្លេទៀតផង។
ប្រជាពលរដ្ឋបានបន្តថា ពីមុនអ្នកភូមិត្របែកមានតែមុខរបរនេសាទត្រីតែប៉ុណ្ណោះ តែដល់សព្វថ្ងៃនេះ ដោយសារមានប្រឡាយទឹកខ្វាត់ខ្វែង មានផ្លូវទឹកដឹកជញ្ជូនកសិផលងាយស្រួលជាងមុខដែរនោះ ប្រជាពលរដ្ឋនៅភូមិមួយនេះ បានពង្រីកមុខរបរដោយការធ្វើស្រែប្រាំងបានផលយ៉ាងច្រើនទៀតផង ហើយចំណូលក៏កាន់តែទទួលបានច្រើនជាងមុនផងដែរ។
លោកពូ វ៉ា សឿន អ្នកភូមិគោកត្របែកដែរ បានថ្លែងទាំងអារម្មណ៍រំភើបថា លោកពូក៏ដូចជាប្រជាពលរដ្ឋដទៃក្នុងភូមិគោកត្របែកដែរ នៅតែបន្តគាំទ្រសម្ដេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោបន្តដឹកនាំប្រទេសកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍន៍កម្ពុជាតទៅមុខទៀត។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានល្អនៅក្នុងភូមិដ្ឋាន សាលារៀន វត្តអារាមជាដើម ព្រោះថា ភាពស្អាត និងបៃតង នឹងនាំមកផាសុកភាពដល់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងភូមិគោកត្របែកទាំងអស់ ត្រូវចូលរួមថែរក្សារាល់សមិទ្ធផលនានា ដែលសម្ដេចទាំងទ្វេបានផ្ដល់ជូននាពេលកន្លងមក។ លោកបន្តថា ដរាបណាសម្ដេចតេជោ ហ៊ុន សែន នៅបន្តដឹកនាំប្រទេសកម្ពុជា រាជរដ្ឋាភិបាលក៏នៅតែបន្តអភិវឌ្ឍន៍ និងកសាងសមិទ្ធផលនានាជូនប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា បច្ច័យដែលទទួលបានពីបុណ្យផ្ការស្មីសាមគ្គីខាងលើនេះ មានចំនួនប្រមាណ ២១លានរៀល ដែលជាការចូលរួមពីលោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រី អាជ្ញាធរស្រុក ក្រុមការងារបក្សចុះជួយឃុំស្រឡៅ ក្រុមការងារពិសេសចុះជួយភូមិ និងពុទ្ធបរិស័ទចំណុះជើងវត្ត៕