(ឧត្តរមានជ័យ)៖ លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ និងលោក ស ថាវី អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តប្រាសាទសីមា អូអង្រែស្ថិតភូមិទូលប្រាសាទ ឃុំត្រពាងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងពិធីនោះក៏មានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុក ពុទ្ធបរិស័ទមកពីខេត្តសុរិន្ទ ប្រទេសថៃ និងលោកយាយលោកតា ប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។
អភិបាលខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា ដើម្បីឲ្យប្រទេសជាតិ មានស្ថេរភាព និងមានសុខសន្តិភាព គឺអាស្រ័យដោយប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតជាអ្នកសម្រេច គឺបើបោះឆ្នោតខុសនោះ អាចនាំឲ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ អស្ថេរភាព តែបើបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានបទពិសោធន៍ជិត៤០ឆ្នាំ កន្លងមកហើយនោះ ដឹកនាំប្រទេសជាតិបន្តទៀត នាំមកនូវសុខសន្តិភាព និងកាអភិវឌ្ឍន៍ប្រាកដជាកើតមានជារៀងរហូត។
លោក ស ថាវី ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសតំណាងរាស្ត្រស្របច្បាប់ ការពារផលប្រយោជន៍ប្រជាជន ប្រទេសជាតិ និងដឹកនាំប្រទេស ទៅកាន់ភាពសំបូរសប្បាយរុងរឿង៕