(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតបានថ្លែងថា បច្ចុប្បន្ននេះផ្លូវជាច្រើនខ្សែ ត្រូវបានអាជ្ញាធរយើងបានស្ថាបនាឡើងវិញ មានសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រមាណជា៧០ភាគរយហើយ។ លោកថា ធ្វើយ៉ាងណាឲ្យបាន១០០ភាគរយ តែម្តងឲ្យចប់សព្វគ្រប់។

អភិបាលក្រងប៉ោយប៉ែត បានថ្លែងបន្តថា «ឥឡូវយើងគួរក្រឡេកមើលបរិវេណវត្ត បរិវេណសាលារៀង អនុវិទ្យាល័យ វិទ្យាល័យ និងមន្ទីរពេទ្យ ទាំងអស់នៅក្នុងក្រុងប៉ោយប៉ែត បើខ្វះផ្លូវគ្រួសម៉ិច ឬខូចខាតអាជ្ញាធរយើងនឹងចាប់ផ្តើមស្ថាបនាតែម្តងកុំទុកយូរឲ្យសោះ»។

លោក សាន ស៊ានហូ បានថ្លែងអំណរអរគុណចំពោះសប្បុរសជន ពាណិជ្ជករ ក្រុមហ៊ុន និងអាជីវកទាំងអស់បានគាំទ្រ និងបានចូលរួមថវិកា សំភារៈផ្សេងៗជាច្រើនទៀត បានចូលរួមចំណែកទាំងអស់នេះ គឺមានគោលបំណងដូចគ្នា ស្រដៀវគ្នាជាមួយគំនិតអភិវឌ្ឍក្រុងប៉ោយប៉ែត ឲ្យល្អឡើងវិញទាំងអស់ ទាំងផ្លូវចិត្ត ទាំងផ្លូវដី ផ្លូវលំ ផ្លូវគ្រួសថ្មម៉ិច។

នាពេលនោះ លោកអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត អញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះតែម្តង នៅភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត បានផ្តល់ថវិកាអ្នកជម្ងឺ២ រួមមាន៖ គ្រួសារ ផាន់ ឆូវ ភេទប្រុស អាយុ៥៩ឆ្នាំ ទទួលបានបាននាំយកអំណោយសប្បុរសជន និងថវិកាសរុប១,០១០,០០០រៀល និងគ្រឿងអាហារបរិភោគមួយចំនួនធំ និងបានទៅសួរសុខទុក្ខ និងផ្តល់ជូនគ្រួសារជួបការលំបាក និងមានជំងឺធ្ងន់ធ្ងរ ចំនួន១គ្រួសារ និងបានផ្តល់ជូនអ្នកមានជំងឺម្នាក់ទៀតនូវថវិកា៥ម៉ឺនរៀល។

នាពេលនោះលោក សាន ស៊ានហូ បានឲ្យមេភូមិសហការជាមួយមន្ត្រីជំនាញជំរឿនរកអ្នកក្រីក្រពិត ដែលគ្មានដីធ្លីសំរាប់រស់នៅប្រចាំថ្ងៃ ដើម្បីលោកត្រៀមដី ផ្ទះចែកជូនពួកគាត់ដោយឥតថ្លៃឡើយ។

សូមបញ្ជាក់ថា សាលារៀនទាំងអស់ មានសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ គឺលោកឧបត្ថម្ភ ថ្ម គ្រួស ដែក ស៊ីម៉ង់ត៌ ខ្សាច់ ចំណែកការស្ថាបនាគឺខាងសាលា និងក្មួយសិស្សានុសិស្សជួយគ្នាស្ថាបនា៕