(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខណ្ឌចំការមន ដើម្បីរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ក្នុងឱកាសនោះ លោកបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទទួលបាននូវសេវាសុខភាពកាន់តែប្រសើរ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ហើយប្រជាពលរដ្ឋក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជាពិសេសប្រជាពលរដ្ឋស្ទើរ ១០០% ទទួលបានការងារធ្វើ។
លោក អ៉ិត សំហេង ក៏បានលើកឡើងពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្រេចបានយ៉ាងធំធេងជូនជាតិមាតុភូមិ ក្នុងនោះបានរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធាជាលំដាប់ ខិតខំថែរក្សាបាននូវសុខសន្តិភាពដែលជាកក្តាដ៏សំខាន់បំផុត ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងខ្លាំង។
លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចជាដំឡើងប្រាក់ខែជូនមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបង្កើនប្រាក់សោធនសម្រាប់និវត្តជន និងអតីតយុទ្ធជន ដំឡើងប្រាក់ឈ្នួលដល់កម្មករដល់ ១៧០ដុល្លារ ក្នុងមួយខែផង៕