(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋរាប់រយនាក់រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមា បានជួបជុំគ្នានៅសាលាដើម្បីធ្វើធ្វើញត្តិដាក់ជូនដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជួយផ្តល់ការអនុគ្រោះដល់អ្នកភូមិ អាចប្រកបរបរជីករ៉ែលក្ខណៈគ្រួសារ នៅមូលដ្ឋានរបស់ពួកគាត់ បន្ទាប់ពីមានក្រុមហ៊ុនបានរំលោភយកដីរបស់ពួកគាត់។
ប្រជាពលរដ្ឋបានអះអាងថា «ក្រុមហ៊ុនរំលោភលើរណ្តៅរ៉ែរបស់សហគមន៍របស់យើងខ្ញុំ ដូច្នេះយើងសុំឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាម៉ែជាឪរបស់យើង ជួយប្រាប់ទៅអាជ្ញាធរ និងក្រសួងរ៉ែ ឲ្យពន្លឿនការដោះស្រាយឲ្យពួកយ៉ាងផង»។
សូមបញ្ជាក់ថា ជម្លោះរវាងក្រុមហ៊ុនចិន «រ៉ុង ឆេង» និងប្រជាសហគមន៍រ៉ែមាសចុងផ្លាស់ បានកើតឡើងយូរឆ្នាំហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយប្រជាពលរដ្ឋបានចោទទៅ ក្រុមហ៊ុនថា បានរំលោភយកដីធ្វើរ៉ែពួកគាត់ ទៅធ្វើអាជីវកម្ម។ ជម្លោះនេះត្រូវបានរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម កាលពីកន្លងទៅ បានចាត់ឲ្យមន្ដ្រីជំនាញមួយក្រុម រួមមានជាមួយមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចុះទៅដោះសា្រយផងដែរ។
កាលនោះ លោករដ្ឋមន្ដ្រី ស៊ុយ សែម បានសង្កត់ធ្ងន់ថា បើសិនជាមន្ដ្រីជំនាញរបស់លោករកឃើញថា ក្រុមហ៊ុនពិតជាបានធ្វើសកម្មភាពជីករករ៉ែមាស រំលោភទៅក្នុងដីសហគមន៍ ក្រសួងនឹងសរសេរលិខិតជាបន្ទាន់ឲ្យក្រុមហ៊ុនដកចេញ ហើយបើមិនស្ដាប់នឹងត្រូវចាត់វិធានការ។
ចំពោះបញ្ហានេះ ប្រជាពលរដ្ឋនៅសហគមន៍រ៉ែមាសចុងផ្លាស់ជាច្រើននាក់ តំណាងឲ្យប្រជាពលរដ្ឋសរុបជាង៨០០គ្រួសារ ដែលរកស៊ីជីករ៉ែមាសនៅតំបន់ចុងផ្លាស់ ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីពេលកន្លងទៅ ក៏បាននាំគ្នាមកតវ៉ាមុខសាលាឃុំផងដែរ ដោយចោទប្រកាន់ក្រុមហ៊ុនចិនមួយឈ្មោះ «រ៉ុង ឆេង» ថាបានរំលោភដីសហគមន៍ដើម្បីធ្វើអាជីវកម្មរ៉ែមាស។
តំណាងប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះ បាននិយាយថា ពួកគាត់ដែលបានរកស៊ីរបបមួយនេះ តាំងពីដើមរៀងមកនោះបានទទួលគោលការណ៍ពីក្រសួងរ៉ែ ធ្វើអាជីវកម្មលើទំហំដី៤៣ហិកតា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនចិន «រ៉ុង ឆេង» ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មលើផ្ទៃដីជាង២ពាន់ហិកតា តែងតែបានរំលោភដែលដីរបស់សហគមន៍ ហើយក្នុងរយៈពេលចុងក្រោយនេះ សម្រាប់តែរំលោភនៅក្នុងអណ្ដូងរ៉ែចំនួន៤ ទើបពួកគាត់នាំគ្នាមកតវ៉ាតែម្ដង។
ចំពោះការស្នើសុំជីករករ៉ែ លើសពី២០ម៉ែត្រនោះ លោករដ្ឋមន្ដ្រី បានឆ្លើយតបថា ការកំណត់ឲ្យត្រឹមជីក២០ម៉ែត្រ គឺវាស្របទៅតាមបច្ចេកទេស ដែលមន្ដ្រីជំនាញបានសិក្សា ដែលត្រូវទៅនឹងការងារ សិប្បកម្មរបស់ពួកគាត់ ហើយបើក្រសួងអនុញ្ញាតិឲ្យលើសពី២០ម៉ែត្រនោះ វាអាចប្រឈមនឹងគ្រោះថ្នាក់ដោយប្រការណាមួយដល់ពួកគាត់ ដូចដែលករណីនេះ ធ្លាប់ការកើតឡើងនាពេលកន្លងទៅ ពេលនោះក្រសួងនឹងត្រូវទទួលខុសត្រូវជាក់ជាមិនខានឡើយ៕