(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យសមាជិកបក្ស និងប្រជាជនទាំងអស់ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ឃ្លាំង ហួត ចុះជួបសំណេះសំណាលជាមួយ សមាជិកសមាជិកា គណបក្សប្រជាជន នៅភូមិកោះដាច់ និងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សរុប៥០០នាក់ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ។
ពិធីជួបសំណេះសំណាល ខាងលើនេះ ក៏មានការចូលរួមពី លោក ប្រាក់ ចាន់ណា អនុប្រធានប្រចាំការ គណបក្សខណ្ឌ និងរួមដំណើរដោយ លោក-លោកស្រី សមាជិក គណកម្មាធិការបក្សខណ្ឌ លោក-លោកស្រី ក្រុមការងារជួយសង្តាត់ លោក-លោកស្រី សមាជិកគណកម្មាធិការបក្សសង្កាត់ និងសាខាបក្សភូមិ។
ក្នុងជួបសំណេះសំណាលឱកាសនោះ លោក ឃ្លាំង ហួត បានថ្លែងសំណេះសំណាល ជាមួយអង្គពិធីអំពីសភាពការណ៍ នយោបាយដែលដឹកនាំដោយគណបក្សប្រជាជន កំពុងទទួល បានជោគជ័យ ទាំងនៅក្នុងប្រទេស និងការបរទេស។
ជាមួយគ្នានោះ ប្រធានគណបក្ស CPP ខណ្ឌជ្រោយចង្វារ បានអំពាវនាវឲ្យសមាជិកបក្ស និងប្រជាជនទាំងអស់ ចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕