(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ តំណាងឱ្យលោក ហ៊ុន ម៉ាណែត ប្រធានប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ព្យាបាលជំងឺទូទៅជូនពលរដ្ឋក្រីក្រ និងសិស្សានុសិស្ស ដោយឥតគិតថ្លៃនៅវិទ្យាល័យហ៊ុនសែនកូប ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ និង និងយុវជនស្ម័គ្រចិត្ត ប្រមាណ១០០នាក់ ផងដែរ។
នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានថ្លែងយ៉ាងដូច្នេះថា «នេះជាសកម្មភាពជាច្រើនលើកច្រើនសារ ដែលសមាគមបានចុះ មកធ្វើការជូនកម្មករ កម្មការិនី ប្រជាពលរដ្ឋក្រីក្រ កុមា គិតចាប់តាំងពីការបង្កើតក្រុមការងារពីឆ្នាំ២០១៥មក ដែលមានបំណង ដើម្បីឆ្លើយតប នឹងសំណូមពររបស់បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ ក្នុងការចូលរួមកាត់បន្ថយលើការចំណាយបានមួយផ្នែកលើបញ្ហាសុខភាព ក៏ដូចជា៖ ការលើកកម្ពស់សុខមាលភាព និងបង្កើនកំរិតជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនកម្មករ កម្មការនី បានមួយកំរិតថែមទៀត។
លោកវេជ្ជបណ្ឌិត បាបន្តថា ការព្យាបាលក្នុងថ្ងៃនេះរួមមាន៖ ការព្យាបាលជំងឺទូទៅ, ជំងឺត្រចៀក, ច្រមុះ, បំពង់ករ, ជំងឺសើរស្បែក, ជំងឺភ្នែក, ជំងឺរោគស្រ្តី, អេកូស្រ្តីមានផ្ទៃពោះ, ជំងឺធ្មេញ, វះកាត់ខ្នាតតូច, ផ្នែកវិភាគឈាម, និង ឲព្យាបាលជំងឺទាក់ទងបញ្ហាបេះដូងផងដែរ។
ក្នុងនោះដែរលោក លី សារី បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តបានថ្លែងអំណរគុណដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលតែងតែបានដឹកនាំក្រុមការងារចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃជូនបងប្អូន កម្មករ កម្មាការិនី និងប្រជាពលរដ្ឋក្រីក្រ កុមារ នៅក្នុងស្រុកអូរជ្រៅ ដែលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់គិតគូរដល់សុខភាពជូនប្រជាពលរដ្ឋក្រីក្រ៕