(ព្រះវិហារ)៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ក្រុមកាយរិទ្ធ និងក្រុមយុវជនស្ម័ក្រចិត្តកាកបាទកម្ពុជា នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ បានប្រារព្វធ្វើមិទ្ទិញ គោរពវិញ្ញាណខ័ន្ធ ថ្ងៃ២០ឧសភា ទិវាជាតិមានការចងចាំ នៅមណ្ឌលឧក្រិដ្ឋកម្មតំបន់១០៣ ស្ថិតក្នុងភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង។
មិទ្ទិញនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ថ្ងៃ២០ឧសភា គឺជាទិវាដែលប្រជាជនកម្ពុជា ទូទាំងប្រទេសប្រារព្ធឡើងដើម្បីរំលឹកដល់វិញ្ញាណខ័ន្ធ ប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ បានបាត់បង់ជីវិតក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ដើម្បីជាសក្ខីភាពជាប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ១៩ អនក្រ បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានកណត់យកថ្ងៃទី២០ ខែឧសភាជារៀងរាល់ឆ្នាំ ជាទិវាជាតិនៃការចងចាំដែលជា ថ្ងៃបុណ្យជាតិ ផ្លូវការមួយនៅប្រទេសកម្ពុជា សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មាស សុភា បានសង្កត់ធ្ងន់ថា «ថ្ងៃ២០ ឧសភា គឺជាព្រឹត្តិ្តការណ៍ប្រវត្តិសាស្ត្រដ៏ជូរចត់ បានកត់ត្រាជាប់ជានិច្ចក្នុងដួងចិត្ត របស់ប្រជាជនកម្ពុជាគ្រប់ៗរូប ក៏ដូចជាមនុស្សជាតិ ដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធ៌មទាំងអស់លើពិភពលោក»។
បើតាមនាយឧត្តមសេនីយ៍ មាស សុភា បើទោះបីរយៈពេល៣៩ឆ្នាំ បានកន្លងផុតទៅហើយក្តី ក៏ព្រឹត្តិការណ៍សែនរន្ធត់នេះ នៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាជនកម្ពុជាជានិច្ច ពិសេសអ្នកដែលបានឆ្លងកាត់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដ៏សែនឃោរឃៅនាសម័យនោះ៕