(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីពេទ្យពហុវិជ្ជាហ្វាហ្វាវ និងក្រុមហ៊ុនឱសថហូបយ៉ាង ទីក្រុងកឺនធឺរ សាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះព្យាបាលជំងឺទូទៅ ជូនពលរដ្ឋក្រីក្រ ដោយឥតគិតថ្លៃចំនួន១០០០គ្រួសារ ស្ថិតនៅក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ត្រី កៅ វណ្ណារ៉េត នាយរងសេនាធិការ និងជានាយការិយាល័យសុខាភិបាលកងទ័ពជើងគោក និងគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរពេទ្យពហុវិជ្ជា ហ្វាហាវ និងក្រុមហ៊ុនឱសថ ហូវ យ៉ាង ប្រទេសវៀតណាម ចំនួន២៩នាក់ និងក្រុមគ្រូពេទ្យចល័តកងទ័ពជើងគោក ចំនួន១០នាក់ មន្ត្រីយោធានៃនាយកដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ ចំនួន៤នាក់ផងដែរ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ មាស សុភា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចជាថ្នាក់ដឹកនាំជាតិ ពិសេសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែចង់ដឹងពីសុខទុក្ខ ការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បូរ ជាតិសាសន៍ នោះទេ ជាពិសេសដើម្បីធ្វើការដោះស្រាយ ជូនបានទាន់ពេលវេលា។
ចុងបញ្ចប់ នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងការកោតសសើរ ដល់ថ្នាក់ដឹកក្រុមគ្រូពេត្យស្ម័គ្រចិត្ត ដែលបានចុះមកព្យាបាលជំងឺជូនពលរដ្ឋ ព្រមទាំងបានចែកអំណោយដល់ពលរដ្ឋទាំង១០០០គ្រួសារ ដើម្បីជួយកាត់បន្ថយការលំបាករបស់បងប្អូនបានមួយគ្រាផងដែរ៕