(កំពត)៖ គណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបានអាជ្ញាធរមិនអនុញ្ញាតឲ្យបើកវេទិកាសាធារណៈ នៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយតម្រូវឲ្យទៅសុំច្បាប់ពីអាជ្ញាធរស្រុកជាមុនសិន ទើបអនុញ្ញាតឲ្យបើកវេទិកាសាធារណៈ ដើម្បីសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួន។
ជុំវិញបញ្ហានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សបានអះអាងថា គណបក្សយុវជនកម្ពុជារបស់លោក គឺមានច្បាប់ពីក្រសួងមហាផ្ទៃ ពេញលក្ខណៈផ្លូវច្បាប់ ហើយពេលចុះវេទិកាសាធារណៈម្ដងៗ មិនចាំបាច់ទៅសុំច្បាប់ពីអាជ្ញាធរស្រុកនោះទេ ពោលគ្រាន់តែជូនដំណឹងទៅអាជ្ញាធរឃុំជាការស្រេច ប៉ុន្ដែលើកនេះ បែរជាមេឃុំឫស្សីស្រុកខាងលិច មិនព្រមទទួលទៅវិញ។
តាមរយៈទំព័រ Facebook ផ្លូវការលោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ា់ងដូច្នេះថា «មេឃុំឬស្ស៊ីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានរារាំងមិនឲ្យ គណបក្សយុវជនកម្ពុជា បើកវេទិការសាធារណៈ ដោយគាត់ឲ្យគណបក្សយុវជនកម្ពុជា ទៅសុំច្បាប់នៅស្រុក ប៉ុន្តែគណបក្សយុវជនកម្ពុជា គឺមានច្បាប់ ពីក្រសួងមហាផ្ទៃពេញលក្ខណៈផ្លូវច្បាប់ហើយ គឺគណបក្សយុវជនកម្ពុជា គ្រាន់តែជូនដំណឹងទៅអាជ្ញាធរឃុំ គឺជាការស្រេច ដោយឡែកមេឃុំឬស្ស៊ីស្រុកខាងលិច មិនព្រមទទួលលិខិតជូនដំណឹង របស់គណបក្សយុវជនទេ ព្រមទាំងគំរាមមិនឲ្យគណបក្សយុវជន បើកវេទិការសាធារណៈថែមទៀតផង»។
ប៉ុន្ដែទោះជាយ៉ាងណា ប្រធានគណបក្សវ័យក្មេងរូបនេះ នៅតែប្រកាសរក្សាជំហរបើកវេទិកាសាធារណៈ ដើម្បជួបសំណេះសំណាលជាមួយសកម្មជន គណបក្សយុវជនកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ដើមសប្ដាហ៍ក្រោយនេះ ក្នុងឃុំមេឃុំឬស្ស៊ីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដដែល។
ពាក់ព័ន្ធបញ្ហាមិនចុះសម្រុងគ្នានេះ អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺ ពីមេឃុំឫស្សីស្រុកខាងលិចបាននោះទេ គិតត្រឹមរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ៕