(ព្រៃវែង)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ ខណៈពេលកំពុងតខ្សែភ្លើងពីលើផ្ទះ អូសទៅដាក់ម៉ូទ័របូមទឹកនៅមាត់ទន្លេ ហើយមិនបានប្រយត្ន័ធ្វើឲ្យឆ្លងចរន្តភ្លើង ឆក់ស្លាប់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥៖៣៥នាទីល្ងាច ថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចមាត់ទន្លេតូច ក្នុងភូមិរកាធំ ឃុំ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
យោងតាមប្រភពពត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុង អូន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅចំណុចមាត់ទន្លេតូច ក្នុងភូមិរកាធំ ឃុំ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុនោះជនរងគ្រោះបានឡើងតខ្សែភ្លើង ចេញពីកុងតាក់ភ្លើងក្នុងផ្ទះ អូសខ្សែទៅដាក់ភ្ជាប់ដុំម៉ូទ័របូមទឹក ដែលស្ថិតនៅមាត់ទន្លេ កន្លែងកើតហេតុក្នុងគោលបំណងដើម្បីបូមទឹក ប៉ុន្តែក្នុងពេលកំពុងតភ្ជាប់ខ្សែភ្លើងជាមួយដុំម៉ូទ័រនោះ ខ្សែភ្លើងបានប៉ះនឹងទឹកបណ្តាលឲ្យឆ្លងចរន្តអគ្គីសនី ហើយជនរងគ្រោះមិនបានដឹង ពេលទៅកាន់ចំខ្សែភ្លើងនោះ ក៏ធ្វើឲ្យឆក់ដួលស្លាប់នៅហ្នឹងកន្លែងភ្លាមៗតែម្តង។
ប្រភពដដែលនេះបានបញ្ជាក់ថា ពេលកើតហេតុភ្លាមគ្មាននរណាបានដឹង រហូតដល់ប្រហែលជា១៥នាទីក្រោយមក ទើបមានកូនចៅជនរងគ្រោះបានឃើញ ដឹងថាជនរងគ្រោះត្រូវចរន្តភ្លើងឆក់ ទើបឡើងទៅផ្តាច់ខ្សែភ្លើងនៅលើផ្ទះ និងរត់ទៅជួយធ្វើចលនាបេះដូងឲ្យជនរងគ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យសាកសព និងកន្លែងកើតហេតុ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតមែន ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕