(តាកែវ)៖ សមាជិកអតីតយុទ្ធជន ចំនួន១០០០នាក់ មកពីស្រុកទ្រាំង ស្រុកត្រាំកក់ និងក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានបំពាក់មេដាយការជាតិជូន នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន រដ្ឋមន្ដ្រីស្ដីទី ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារចុះជួយខេត្តតាកែវ។
ពិធីនេះក៏មានការចូលរួមពី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំ នៃសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានកោតសសើរចំពោះការធ្វើពលីកម្ម របស់សមាជិកអតីតយុទ្ធជនទាំងអស់ ក្នុងការរួមចំណែកការពារ កម្ពុជាមួយនេះក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន រហូតទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ ហើយជំរុញឲ្យថ្នាក់ដឹកនាំសមាគម បន្តការខិតខំបន្ថែមទៀត ជាពិសេសពេលសមាជិកមានធុរៈ ឬជំងឺ ត្រូវចាត់ចែងជួយពួកឲ្យបានទាន់ពេលវេលា។
ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ដោយការគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីតបស្នងគុណបំណាច់របស់បងប្អូន ដែលបានបូជាចំពោះជាតិមាតុភូមិ ទើបថ្ងៃនេះទទួលការបំពាក់មេដាយការពារជាតិ ទៅតាមអតីតភាពម្នាក់ៗ ដូច្នេះត្រូវជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន និងប្តេជា្ញការពារឲ្យបានសន្តិភាពដែលទទួលបានដូចសព្វថ្ងៃ ដោយការធ្វើពលីកម្មរបស់អតីតយុទ្ធជនទាំងអស់គ្នា និងសុំនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជន។
ជាមួយនោះ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បានកោតសសើរការខិតខំប្រឹងប្រែងរបស់ នាយឧត្តមសេនីយ៍ គន់ គីម ក្នុងការជំរុញឲ្យការងារសមាគមអតីតយុទ្ធជន ដំណើរការទៅដោយរលូន ក្រោមការដឹកនាំរបស់សម្តេចតេជោ។ ដោយមានសំណើសុំដីសម្រាប់ចែកជូនសមាជិក ដែលក្រីក្រលោកឲ្យសមាគមខេត្ត ពិនិត្យដីនោះឲ្យបានច្បាស់លាស់ តើមានពាក់ព័ន្ធអីខ្លះនៅសល់ប៉ុន្មាន ដើម្បីលោកមានមូលដ្ឋានលើកសំណើជូនប្រមុខរាជរដ្ឋាភិបាល ចំពោះសមាជិកក្រីក្រ ដែលរស់នៅលើដីសាធារណៈ សូមសមាគមខេត្ត និងអាជ្ញាធរស្រុកខេត្ត ដែលជាប្រធានកត្តិយស ត្រូវចុះពិនិត្យ និងរកដីជូនពួកគាត់ដោយលោកជួយប្រាក់ សម្រាប់ទិញសង្ក័សី ដែកគោលសម្រាប់ផ្ទះ៦ខ្នង និងនាយឧត្តមសេនីយ៍ គន់ គីម ជួយឈើធ្វើផ្ទះ៦ខ្នង។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី បានសុំឲ្យតាមមន្ទីរការិយាល័យ អាជ្ញាធរគ្រប់ថ្នាក់ ត្រូវចាត់តាំងចុះសួរសុខទុក្ខ អតីតយុទ្ធជន និងកងទ័ព តាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលឲ្យបានល្អ នៅក្នុងឱកាសទិវាអតីតយុទ្ធជនខួបលើកទី១១ នាពេលខាងមុខនេះ។
លោក ស៊ិន សារុម យោធាពិការ សព្វថ្ងៃរស់នៅភូមិ ស្វាយជ្រុំ ឃុំបារាយណ៍ ស្រុកត្រាំកក់ ជំនួសមុខឲ្យអតីតយុទ្ធជនដែលមកចូលរួមក្នុងថ្ងៃនេះបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ ក្នុងពេលដែលពួកគាត់កំពុងលំបាក ធ្វើឲ្យការរស់នៅរបស់ពួកគាត់មានភាពកក់ក្តៅឡើងវិញ។
អតីតយុទ្ធជននៅខេត្តតាកែវ ប្រកាសថាមិនស្តាប់តាមការញុះញង់របស់ បុគ្គល សម រង្សី ដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះទេ ហើយពួកគាត់ប្ដេជ្ញានឹងនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធាន៕