(ភ្នំពេញ)៖ ច្រកអន្តរជាតិធំៗសំខាន់ៗនានា នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមដាក់បំពាក់ប្រព័ន្ធ QR Code ដោយក្រសួងទេសចរណ៍ ដើម្បីឱ្យភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់ វាយតម្លៃអំពីសេវាកម្មរបស់ច្រកអន្តរជាតិទាំងនោះ ក្នុងគោលបំណងលើកកម្ពស់ ការធ្វើបដិសណ្ឋាកិច្ច របស់កម្ពុជា។ នេះបើតាម ការជូនដំណឹងរបស់ លោក ណេប សាមុត អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។
ការបំពាក់ប្រព័ន្ធ QR Code នេះ ជាផ្នែកមួយ នៃការអនុវត្តចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ របស់ច្រកទ្វារអន្ដរជាតិ» សម្រាប់ឆ្នាំ២០១៨ ឱ្យទទួលបានភាពជោគជ័យ និងទទួលបានការគាំទ្រ ពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិគ្រប់មជ្ឈដ្ឋាន។ ដើម្បីជំរុញដល់ការងារនេះ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ដែលមានអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ វាយតម្លៃទីក្រុងស្អាត ជាសេនាធិការ បានចាប់ផ្តើមបំពាក់ដូចខាងក្រោមនៅតាមច្រកអន្តរជាតិ រួមមានដូចជា៖
១៖ បញ្ឈរ QR Code វាយតម្លៃបដិសណ្ឋារកិច្ចល្អ របស់ច្រកទ្វារអន្ដរជាតិខ្នាតធំ
២៖ បញ្ឈរ QR Code វាយតម្លៃសម្រាប់ដាក់លើតុ
៣៖ កម្រងសំណួរវាយតម្លៃជា ៥ភាសា (ភាសាខ្មែរ អង់គ្លេស ចិន បារាំង និងជប៉ុន)អនឡាញ។
នៅតាមច្រកអន្តរជាតិ ដែលអាចឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចូលរួមវាយតម្លៃពីការផ្ដល់សេវាកម្ម មានដូចជា៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប, អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ , ច្រកទ្វារព្រំដែនអន្ដរជាតិបាវិត , ច្រកទ្វារព្រំដែន អន្ដរជាតិចាំយាម និង ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត។
សូមជម្រាបថា ការដាក់ QR Code នេះ គឺដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ផ្ដល់មតិយោបល់វាយតម្លៃ លើសេវារបស់ច្រកទ្វារ ដោយសុក្រឹត្យ ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើង នូវសេវាបដិសណ្ឋារកិច្ច សម្រាប់ការប្រលងប្រណាំង បដិសណ្ឋារកិច្ចច្រកទ្វារអន្តរជាតិ លើកទី២៕