(ព្រៃវែង)៖​ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៏ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារសេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ខណៈដែល​លោកស្រីបានអញ្ជើញចូលរួមជាអធិបតីភាព ​ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្ល​ងសមិទ្ធផលនានា ក្នុងវត្តសិរីបាវិត ស្ថិតនៅភូមិជ័យកំពក ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោកស្រី ម៉ែន សំអន បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយពីប្រទេស ដែលពោរពេ​ញ​​ទៅដោយសង្រ្គាម មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា និងជំនឿសា​ស​នា ​ក៏ត្រូវបានរស់ឡើងវិញផងដែរ ដែ​ល​អាចឱ្យប្រជាពលរដ្ឋ មានសិទ្ធិធ្វើបុ​ណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួន ស្រ​ប​តាមរដ្ឋធម្មនុញ្ញនៃកម្ពុជា។ ពុទ្ធបរិស័ទ ទាំងអស់ អាចចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយ។

លោកស្រីបានបន្តទៀតថា ការពង្រឹងគុណភាព លើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងជួរមន្ត្រីសង្ឃ ត្រូវផ្សាភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីកិច្ចការសាសនា សណ្តាប់ធ្នាប់ល្អ ធានាបាន នូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនា ជាប្រការសំខាន់បំផុត ហើយតាមរយៈព្រះពុទ្ធិកសិក្សា ប្រទេសជាតិយើង ទទួលបាននូវអ្នកមានចំណេះដឹងជាច្រើន ជាពហុស្សូត ដែលជាសសរទ្រូងដ៏រឹងមាំ រួមចំណែកថែរក្សា ការពារវប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាមគន្លងព្រះធម៌ ដែលជាអត្តសញ្ញាណជាតិកម្ពុជាយើង ហើយការយកចិត្តទុកដាក់ ចំពោះពុទ្ធិកសិក្សាជាការចាំបាច់ដែលត្រូវ ពង្រឹងពីទីក្រុងរហូតដល់ជនបទ។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ ជាឱកាសដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជាយើងរួមគ្នាយ៉ាងជិតស្និតរក្សាការពារ ដើម្បីសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីប បំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើរហិង្សាជាដើម។

លោកស្រីក៏បានថ្លែងនូវការសរសើរចំពោះពុទ្ធសាសនា ទាំងបុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រតិ​បត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទ សមស្របតាមលំអានខ្លឹមសារ​ក្នុងព្រះត្រៃ​បិដក ដែលជាព្រះធម៌របស់ព្រះសម្មា សម្ពុទ្ធ។ ទន្ទឹមនេះជនរួមជាតិខិតខំសំអាតកាយវាចាជម្រះនូវសេចក្តី សៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ ៕