(ភ្នំពេញ)៖ ក្នុងកិច្ចជំនួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ឯកអគ្គរាជទូតថៃថ្មី ប្រចាំកម្ពុជា លោក Panyarak Poolthup បានថ្លែងប្ដេជ្ញាបន្ដជួយលុបបំបាត់ជំងឺឆ្លងផ្សេងៗ នៅតាមបណ្ដាខេត្ដជាប់ព្រំដែនកម្ពុជា-ថៃ និងបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យសុខាភិបាលកាន់តែប្រសើរបន្ថែមទៀត លើការចុះអនុស្សរណៈយោគយល់គ្នាកន្លងមកនេះ ។
ថ្លែងក្នុងកិច្ចជំនួបនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នាទីស្ដីការក្រសួងសុខាភិបាល លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណ ដល់ភាគីថៃ ដែលបានជួយកន្លងមកលើវិស័យសុខាភិបាល ពិសេសការផ្លាស់ប្ដូរបទពិសោធន៍មន្ត្រីសុខាភិបាល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ។
ទន្ទឹមនឹងនោះ រដ្ឋមន្រី្តក្រសួងសុខាភិបាល ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការកម្ពុជា-ថៃ កន្លងមក ពិសេសកិច្ចសហប្រតិបតិ្តការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជាគម្រោងរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ សុរិន្ទថន ដោយព្រះអង្គ មានព្រះទ័យយកចិត្តទុកដាក់ជួយក្នុងគម្រោងប្រយុទ្ធ និងជំងឺគ្រុនចាញ់ នៅក្នុងខេត្តចំនួនពីរ នៃប្រទេសកម្ពុជា គឺខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី។ លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ស្នើឲ្យថៃ បន្តជួយការងារសុខភាពសាធារណៈជាមួយក្រសួង ឲ្យកាន់តែរីកចម្រើនថែមទៀត ។
ជាការឆ្លើយតប លោក Panyarak Poolthup បានប្ដេជ្ញាចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងវិស័យសុខាភិបាលឲ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងពង្រឹងវិស័យសុខាភិបាល នៅតាមខេត្តជាប់នឹងព្រំដែន មានដូចជាខេត្តកោះកុង និងខេត្តឧត្តរមានជ័យ ឲ្យមានភាពប្រសើរឡើង៕