(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ ចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ បានប្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តស្វាយរៀង កុំឲ្យជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលតែងតែរារាំងដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត ហើយកុំភ្លេចទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅចុងខែកក្កដាខាងមុខនេះទាំងអស់គ្នា។
ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ត្រពាំងបន្ទាយថ្មី ស្ថិតនៅភូមិវត្ត ឃុំត្រល់ ស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមការងារ ចុះជួយតាមបណ្តាឃុំ ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀងជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ពុទ្ធបរិស័ទ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំពិធីសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមានាពេលនេះ និងបាននាំការនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ នឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះលោកយាយ លោកតា បងប្អូន យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានចូល និងសូមជូនពរ លោកយាយ លោកតា បងប្អូនទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរ អាយុយឺនយួរ មានកម្លាំងពលំមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យនៅក្នុងគ្រប់កិច្ចការងារផងដែរ។
នាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរនូវសមិទ្ធផលទាំងអស់ ដែលបានកើតឡើងតាមសទ្ធាជ្រះថ្លារបស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា ពុទ្ធបរិស័ទ ក៏ដូចជាសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងការកសាងព្រះវិហារនេះឡើង ទោះបីនៅទីណាកដោយតែងតែបានរួមគ្នា ក្នុងការកសាងទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងសូមរំលឹកនូវសភាសិតខ្មែរដែលបានលើកឡើងថា ផឹកទឹកកុំភ្លេចប្រភព បានផ្លែហូបកុំភ្លេចអ្នកដាំ ហើយយើងរៀបចំពិធីនៅថ្ងៃនេះ គឺរៀបចំដោយសុខសន្តិភាព និងភាពសម្បូរសប្បាយ និងគ្មានភិតភ័យអ្វីទាំងអស់ នេះហើយជាការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានដឹកនាំធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិដូចសព្វថ្ងៃនេះ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជនក៏បានប្រែមុខមាត់គួរឲ្យកត់សម្គាល់ផងដែរ។
នាយឧត្តមសេនីយ៍ បានបន្តថា យើងបានឃើញទាំងអស់គ្នារួចមកហើយ ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ អគ្គិសនី ផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មណ្ឌលសុខភាព រួមទាំងព្រះវិហារនេះផងដែរ គឺវាមិនអាចកើតឡើងដោយឯកឯងបាទទេ ប្រសិនណាគ្មានសន្តិភាព និងស្ថិតក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ គឺបានបញ្ចប់សង្គ្រាមទាំងស្រុងនៅប្រទេសកម្ពុជា។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះតាមសេចក្តី ប្រកាសរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ត្រូវចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នាកុំបីអាក់ខានឡើយ និងត្រូវជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាព ជូនប្រទេសជាតិ៕