(ភ្នំពេញ)៖ នៅក្នុងសប្តាហ៍នេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីចំនួន៣ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ បើកដំណើរការនៅកម្ពុជា ដែលសរុបទុនវិនិយោគជិត១០លានដុល្លារ បង្កើតការងារជិត៤ពាន់កន្លែង។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១៖ ក្រុមហ៊ុន COLOR PALETTE GARMENT ACCESSORIES.,LTD.: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៣៨កន្លែង។
២៖ ក្រុមហ៊ុន WEDGE GLOBAL APPAREL CO., LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤៧កន្លែង។
៣៖ ក្រុមហ៊ុន FASHIONTEX APPAREL CO., LTD.: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៦២៨កន្លែង៕