(ភ្នំពេញ)៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៨ ដែលទិវាដ៏មានសារសំខាន់មួយ របស់រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវប្រារព្ធឡើងរយៈពេល២ថ្ងៃ នៅពាក់កណ្តាលខែមិថុនា ខាងមុខនេះ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។
ទិវាជាតិនេះត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអ្នកទទួលខុសត្រូវរៀបចំចាត់ទុកថា ជាឱកាសដ៏ពិសិដ្ឋ សម្រាប់ប្អូនៗសិស្សានុសិស្សដែលកំពុងតែត្រៀមខ្លួន ចូលទៅកាន់ទីផ្សារការងារ ដើម្បីទទួលបានព័ត៌មាន ពីតម្រូវការទីផ្សារកាងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា។
ក្រសួងការងារបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគឺ៖
* ជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលបង្ហាញពីការអប់រំបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
* ស្វែងយល់ពីការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលទីផ្សារកំពុងមានតម្រូវការខ្ពស់
* ទទួលបានព័ត៌មានអាហារូបករណ៍ដោយឥតគិតថ្លៃតាមគ្រឹះស្ថានសិក្សានានា
* ទស្សនាពិព័ណ៍ស្នាដៃរបស់សិស្ស និស្សិត និងក្រុមហ៊ុនធំៗ
* ជួបជាមួយអ្នកប្រឹក្សាយោបល់អំពីជំនាញ មុខរបរ និងការងារ
* ជួបជាមួយក្រុមហ៊ុនឯកជនធំៗ ដែលកំពុងប្រើប្រាស់អ្នកបច្ចេកទេស។
ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់ក្រុមហ៊ុននានានៅកម្ពុជា ចូលរួមគាំទ្រ និងដាក់តាំងបង្ហាញអំពីក្រុមហ៊ុន ដើម្បីឲ្យសាធារណជនបានចូលទស្សនា និងស្វែងយល់អំពីដំណើរការរបស់ក្រុមហ៊ុន ក្នុងទិវាដ៏មានសារសំខាន់នេះ៕