(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ បានថ្លែងអំពាវនាវឲ្យបងប្អូនជនរួមជាតិ ចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា ព្រោះថាសន្តិភាព គឺរកបានមកដោយលំបាកខ្លាំងណាស់ ទម្រាំធ្វើការកម្ពុជាអភវឌ្ឍន៍ដូចសព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា សន្តិភាពបានធ្វើឱ្យយើងគ្រប់ៗគ្នា រស់នៅសុខស្រួល និងមានឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ និងសហគមន៍ឱ្យកាន់តែរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ក្រោយពីការបំពេញការងារពេញមួយសប្តាហ៍មក សង្ឃឹមថានៅចុងសប្តាហ៍នេះ បងប្អូនជនរួមជាតិមួយចំនួន ជាពិសេសកូនក្មួយយុវជន នឹងបានឈប់សម្រាកធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋានមួយចំនួនមិនខាន។
សន្តិភាពបានធ្វើឱ្យយើងគ្រប់ៗគ្នា រស់នៅសុខស្រួល និងមានឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ និងសហគមន៍ឱ្យកាន់តែរីកចម្រើន។ សន្តិភាព គឺបានមកដោយលំបាកខ្លាំងណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារឱ្យបានរឹងមាំគង់វង្ស។
សូមជូនពរបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរជិតឆ្ងាយក្នុងថ្ងៃចុងសប្តាហ៍នេះ មានសុខសុវត្ថិភាព និងបានសប្បាយរីករាយជាមួយក្រុមគ្រួសារ និងជួបតែសំណាងល្អគ្រប់ៗគ្នា»៕