(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយពន្យល់សាធារណជនឲ្យកាន់តែច្បាស់ អំពីការសម្រេចចិត្តខ្ចីប្រាក់ ពីប្រពភផ្តល់ឥណទានដែលមានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតឲ្យប្រកបអាជីវកម្មត្រឹមត្រូវ ពីធនាគាជាតិនៃកម្ពុជា។
ការចេញសេចក្តីជូនដំណឹងនេះ ត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានករណីស្ត្រីម្នាក់បានខ្ចីប្រាក់តាមរយៈ Online ដែលគ្មានប្រភពត្រឹមត្រូវ ដោយខ្ចីប្រាក់បានតិច តែត្រូវសង់វិញច្រើនលើសលុប។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពន្យល់ថា ដើម្បីកំណត់ថា តើគ្រឹះស្ថានមួយដែលមានការទទួលខុសត្រូវដែរឬទេ អតិថិជន និងសាធារណជន គួរពិចារណានូវចំណុចសំខាន់ៗដូចខាងក្រោម៖
១៖ តើគ្រឹះស្ថាននោះមានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតឲ្យប្រកបអាជីវកម្មត្រឹមត្រូវ និងជាក់លាក់ដែរឬទេ (ដូចជាអាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុ ឬអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជ ជាដើម)?
២៖ តើគ្រឹះស្ថានផ្តល់ព័ត៌មានសេវាកម្ម សមស្របទៅតាមតម្រូវការ និងលទ្ធភាពរបស់អ្នកដែរឬទេ?
៣៖ តើគ្រឹះស្ថានផ្តល់ព័ត៌មានដែលមានតម្លាភាព ពេញលេញ និងទាន់ពេលវេលាដល់អ្នកដែរឬទេ?
៤៖ តើគ្រឹះស្ថានកំណត់អត្រាការប្រាក់ និងក្រមៃសេវានានាសមរម្យ ដែលអ្នកអាចទទួលយកបានដែរឬទេ?
៥៖ តើគ្រឹះស្ថានមានផ្តល់សេវាអតិថិជន និងយន្តការដោះស្រាយបញ្ហាដល់អ្នកដែរឬទេ?
ជាមួយគ្នានេះ សមាគមក៏បានបង្ហាញបញ្ជីឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទាមជនបទចំនួន១០១ ដែលកំពុងធ្វើប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្តផងដែរ៕