(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមកម្លាំងការពារ រក្សានូវសុខសុវត្ថិភាពឲ្យបាន១០០% មុនពេលបោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ហើយនៅតាមទីតាំងការិយាល័យ បោះឆ្នោតនីមួយៗ ត្រូវតែមានកម្លាំងការពារជាប្រចាំផងដែរ ដើម្បីជៀសវាងជនអនាធិបតេយ្យបង្របញ្ហា ។
លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកសុខ លូ បន្ថែមទៀតថា កន្លងមកស្ថានភាពនៅក្នុងខេត្តកំពង់ធំ មានសភាពស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់សាធារណៈបានប្រសើរណាស់ ដូច្នេះសូមលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ខិតខំអនុវត្តន៍នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពបន្ថែមទៀត និងប្តេជ្ញាការពារឲ្យបានដាច់ខាតនូវសន្តិភាពនាពេលបច្ចុប្បន្ន ដែលរកបានមកដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមិនទុកឲ្យ អ្នកណាមួយឆ្លៀតឱកាសប្រើប្រាស់ឧបាយកល ញុះញង់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាល បំផ្លាញសមិទ្ធផល នៃសង្គមជាតិបានឡើយ។
ជាមួយគ្នានោះដែរ លោកបានក្រើនរំលឹកដល់លោកប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត នូវការប្រជុំគណៈបញ្ជាការឯកភាពនៅតាមក្រុង ស្រុក ឲ្យបានញឹកញាប់ ត្រូវគោរពវិន័យ សីលធម៌ ត្រូវមានអ្នកប្រចាំការនៅរៀងរាល់ថ្ងៃឈប់សម្រាក ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីបង្រ្កាបបទល្មើសនានា ដែលតែងតែកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើង៕