(កំពង់ចាម)៖ កម្ពុជា-ចិន ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងលុបបំបាត់ភាពងងឹតភ្នែក ដោយសារជំងឺភ្នែកឡើងបាយ ដែលជាជំនួយឥតសំណងរបស់មជ្ឈមណ្ឌលខ្សែក្រវ៉ាត់ និងផ្លូវ នៃទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះត្រូវបានធ្វើឡើង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នាមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លឿង ជុនយីង ប្រធានមជ្ឈមណ្ឌលខ្សែក្រវ៉ាត់ និងផ្លូវ នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង និងជាអនុប្រធានគណកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន។
ថ្លែងក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ស្ថិតក្រោមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំកំពូលប្រទេសទាំងពីរចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ត្រូវបានបង្កើនឡើងជាលំដាប់ និងឈានដល់កំរិតកំពូល គឺ «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» តាំងពីឆ្នាំ២០១១។
ក្នុងការអនុវត្តឲ្យបានជោគជ័យគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងសុខាភិបាលនៃកម្ពុជា ជាមួយមជ្ឈមណ្ឌលខ្សែក្រវ៉ាត់ និងផ្លូវនៃទីក្រុងហុងកុង និងមូលនិធិអាស៊ី សម្រាប់បង្ការភាពងងឹតភ្នែក ត្រូវបានចុះហត្ថលេខានាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃអនុស្សរណៈនេះ គឺដើម្បីលុបបំបាត់ភាពងងឹតភ្នែក ដោយសារជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ចាម និងឈានទៅលុបបំបាត់ទូទាំងប្រទេស។ គម្រោងនេះនឹងត្រូវអនុវត្ត ក្នុងរយៈពេលពី១៨-២៤ខែ ដោយភាគីមិត្តចិនផ្តល់ជំនួយឥតសំណង រួមមាន គ្លីនិកវះកាត់ភ្នែកចល័តចំនួនពីរគ្រឿង រថយន្តសម្រាប់ដឹកអ្នកជំងឺមួយគ្រឿង ព្រមទាំងបំពាក់សម្ភារៈបរិក្ខារពេទ្យសម្រាប់បម្រើឲ្យការពិនិត្យ ព្យាបាល និងវះកាត់ភ្នែកឡើងបាយ ដល់អ្នកជំងឺនៅក្នុងខេត្តកំពង់ចាម។
លើសពីនេះទៀត ដើម្បីបង្កើនសមត្ថភាពដល់គ្រូពេទ្យចក្ខុរោគនៅខេត្តកំពង់ចាម គ្រូពេទ្យភ្នែកខេត្តកំពង់ចាម ចំនួន០៨រូប ត្រូវបានអញ្ជើញទៅចូលរួម វគ្គបណ្តុះបណ្តាលរយៈពេល០២សប្តាហ៍ នៅខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីខេត្តក្វាងស៊ី បានសហការជាមួយ គ្រូពេទ្យខេត្តកំពង់ចាម បាននិងកំពុងផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។
រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោក លឿង ជុនយីង ប្រធានមជ្ឈមណ្ឌលខ្សែក្រវ៉ាត់ និងផ្លូវនៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង និងជាអនុប្រធានគណកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងសហការីទាំងអស់ មូលនិធិអាស៊ីសម្រាប់បង្ការ ភាពងងឹតភ្នែក និងសមាគមធុរៈកិច្ច អនិកជនចិនហុងកុង និងម៉ាក់កាវនៅកម្ពុជា ប្រិយមិត្តចិនទាំងអស់មកពីហុងកុង ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ការអនុវត្តគម្រោងលុបបំបាត់ ភាពងងឹតភ្នែកដោយសារជំងឺភ្នែកឡើងបាយ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តមកពីខេត្តក្វាងស៊ីទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយ-ចិត្ត ទាំងពេលវេលា ឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ មកបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លា ជួយដល់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោក លឿង ជុនយីង បានលើកឡើងថា ដោយមានការសហការយ៉ាងពេញទំហឹងពីក្រសួងសុខាភិបាលកម្ពុជា ក្នុងរយៈពេលតែ៦ខែប៉ុណ្ណោះ គម្រោងនេះត្រូវបានអនុវត្តចេញជាផ្លែផ្កាគួរឲ្យកត់សំគាល់។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់ថា គម្រោងលុបបំបាត់ភាពងងឹតភ្នែកដោយសារជំងឺភ្នែកឡើងបាយ ជាគម្រោងជំនួយក្រៅប្រទេសទី១ របស់តំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយដែលបានផ្តល់ជូនកម្ពុជា ហើយសង្ឃឹមថានឹងចូលរួមចំណែក កាត់បន្ថយភាពងងឹតភ្នែក និងភាពពិការភ្នែករបស់ប្រជាជនកម្ពុជា៕