(កណ្តាល)៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តក្រពើហា បានរៀបចំពីធីបើកបវេសនកាល នៃសាលាពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ក្រោមអធិបតីភាពព្រះពុទ្ធឃោសាចារ្យ ស ប៊ុណ្ណា ព្រះរាជាគណថ្នាក់ទោ និងជាព្រះបាឡាត់គណខេត្តកណ្តាល។
ពីធីបើកបវេសនកាលនេះ មានការចូលរួមពីព្រះរាមព្រះឃោសមុនីវង្ស វ័ន្ត វណ្តោ និងជានាយកសាលាពុទ្ធិកវិទ្យាល័យក្រពើហា និងព្រះមន្ត្រីសង្ឃជាច្រើនអង្គ លោកអភិបាលក្រុងតាខ្មៅ និងសិស្សសាលាពុទ្ធិកជិត ២០០អង្គ ផងដែរ។
នៅក្នុងពីធីនោះ ព្រះនាយកសាលាពុទ្ធិកវិទ្យាល័យក្រពើហា និងជាព្រះចៅអធិការវត្តក្រពើហា មានសង្ឃដីការទៅកាន់អង្គពិធីថា សាលាពុទ្ធិកក្រពើហាចាប់បើកតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយកាលនោះជាសាលាបឋមសិក្សាមានតែ១ថ្នាក់ មានសិស្សត្រឹមតែ២១អង្គតែប៉ុណ្ណោះ ដោយមានកំណើនសិស្សសិក្សាពីមួយឆ្នាំទៅមួយឆ្នាំ សាលាបានពង្រីករហូតដល់ទៅ៣ថ្នាក់ លុះដល់ឆ្នាំ២០០២ សាលាបានផ្ទេរពីពុទ្ធិកបឋមសិក្សា ទៅជាពុទ្ធិកវិទ្យាល័យតាខ្មៅកណ្តាល កំរិតមធ្យមសិក្សាបឋមភូមិវិញ តាមប្រកាសរបស់ក្រសួងធម្មការ និងសាសនា ពេលនោះសាលាមានសមណសិស្សសិក្សាពី ១៥០អង្គទៅ១៦០អង្គក្នុងមួយឆ្នាំៗ ដល់ឆ្នាំ២០០៧ បង្កើតពុទ្ធិកវិទ្យាក្រពើហា តាម ប្រកាសរបស់ក្រសួងធម្មការ និងសាសនា និងត្រូវបានបង្កើតជាពុទ្ធិកមធ្យមសិក្សាទុតិយភូមិ នៅពុទ្ធិកវិទ្យាល័យក្រពើហានេះ តាមប្រកាសរបស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៧ ។
ព្រះអង្គបានបន្តថា លុះដល់ថ្ងៃទី២៧ខែមេសា ឆ្នាំ២០០៩ សាលាត្រូវនានប្តូរឈ្មោះទៅជាពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហាវិញ តាមប្រកាសលេខ ០៩០ ក ធ ស ប្រក របស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩។
លុះដល់ឆ្នាំ២០១៧ និង២០១៨ សាលាមានសមណសិស្សប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិចំនួន២៩អង្គ ជាប់ជាស្ថាពរ២៨អង្គ។
សមណសិស្សប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ទុតិយភូមិ ចំនួន២៩អង្គ ក្នុងនោះទទួលបាននិទ្ទេសល្អណាស់១អង្គ ល្អ៨អង្គ ល្អបង្គួ១០អង្គ មធ្យម១០អង្គ។
ព្រះអង្គបានបញ្ជាក់ថា បច្ចុប្បន្នសាលាមានសមណសិស្សសរុប២៧៣អង្គ កំពុងសិក្សាដោយក្នុង១ខែសាលាត្រូវចំណាយសរុប ២០លានរៀល ហើយថវិកាទាំងនេះបានមកពីសប្បុរសជនជាពុទ្ធបរិស័ទជើងវត្ត ចូលរួមឧបត្ថម្ភហើយព្រះអង្គជានាយកសាលាជាអ្នកគ្រប់គ្រងចំណាយ។
ព្រះអង្គបានបន្តថា ដោយសារចំណាយច្រើនពី១ខែទៅ១ខែទើបសាលាមានការខ្វះខាតផងដែរ ដូច្នេះសូមសប្បុរសជន អាចចូលរួមឧបត្ថម្ភបន្ថែមទៀត ដើម្បីអនាគតសិស្សជំនាន់ក្រោយ។
ជាមួយគ្នានោះ ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា បានមានថេរដីកាផ្តាំផ្ញើដល់សិស្សពុទ្ធិកនោះថា សូមឲ្យក្មួយៗជាសិស្សមកសិក្សានៅសាលាពុទ្ធិក ត្រូវខិតខំសិក្សា មិនត្រូវខ្ជីខ្ជាក្នុងការសិក្សា ធ្វើយ៉ាងណាឲ្យ ទទួលបាននិទ្ទេសល្អ ដើម្បីឆ្លើយតបនិងការខិតខំប្រឹងប្រែងរបស់ព្រះនាយកសាលា និងក្រសួងធម្មការ និងសាសនា ដែលខិតខំប្រឹងប្រែងរហូតមានថ្ងៃនេះ និងសូមឲ្យក្មួយៗសិក្សាទទួលបានជោគជ័យគ្រប់គ្នា និងចុងបញ្ចប់ព្រះឃោសាចារ្យបានឧបត្ថម្ភជាថវិកាចំនួន១ពាន់ដុល្លារ និងអង្ក១តោនផងដែរ៕