(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសង្ឃឹមជឿជាក់ថា សាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ (AUPP) នឹងក្លាយជាសាកលវិទ្យាល័យគំរូមួយ សម្រាប់ប្រទេសកម្ពុជា ដោយសារតែសាកលវិទ្យាល័យនេះ បានផ្តល់លក្ខណៈពិសេស ដល់និស្សិតបន្ទាប់ពីបានបញ្ចប់ការសិក្សារបស់ខ្លួន ដោយទទួលបានសញ្ញាបត្រចំនួនពីរ ក្នុងពេលតែមួយ ពីសាកលវិទ្យាចំនួនពីរ នៅសហរដ្ឋអាមេរិក។

លោក ហង់ ជួនណារ៉ុន បានថ្លែងបែបនេះ នៅក្នុង​​ឱកាសលោកបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតជំនាន់ទី២ របស់សាកលវិទ្យាល័យ AUPP នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួំពីណាក់លោកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិតអាណាព្យាបាល យ៉ាងច្រើនកុះករ នៅទីតាំងសាកលវិទ្យា AUPP ​ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ហង់ ជួនណារ៉ុន បានថ្លែងយ៉ាងដូច្នេះថា  «សាកលវិទ្យាល័យ AUPP បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ វិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ និងឱកាសដល់និស្សិត ក្នុងការទទួលបានសញ្ញាបត្រមកពីសាកលវិទ្យាល័យអាមេរិក»។ លោកសង្ឃឹមនិងជឿជាក់ថា សាកលវិទ្យាល័យ AUPP នឹងក្លាយជាសាកលវិទ្យាល័យគំរូសម្រាប់គ្រឹះស្ថានឧត្តមសិក្សានានានៅកម្ពុជានិងក្នុងតំបន់»។


ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ និស្សិតជ័យលាភីភាគច្រើននឹងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និងបណ្ឌិត ដែលក្នុងចំណោមនិស្សិតទាំងនេះ ភាគច្រើនទទួលបានអាហារូបករណ៍។ ទន្ទឹមនឹងនេះ និស្សិតជ័យលាភីប្រមាណ ២៥%  នឹងប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន រីឯនិស្សិតជ័យលាភីដទៃទៀត ក៏បានទទួលឱកាសការងារ តាមជំនាញវិជ្ជាជីវៈរៀងៗខ្លួន។

ទទឹមនឹងនេះ លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានថ្លែងថា សាកលវិទ្យាល័យអាមេរិកកាំង សូមចូលរួមអបអរសាទរ និងកោតសសើរដល់និស្សិតដែលទទួលបានជ័យលាភីទាំងអស់ ក៏ដូចជាទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យ AUPP និងសាកលវិទ្យាល័យដៃគូបន្ទាប់ពីបានខិតខំប្រឹងប្រែងសិក្សាអស់រយៈពេលបួនឆ្នាំកន្លងមកនេះ។

សាកលវិទ្យាល័យ AUPP គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅកម្ពុជា ដែលអនុញ្ញាតឱ្យនិស្សិតទទួលបាន សញ្ញាបត្រ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ហើយក៏ជាសាកលវិទ្យាល័យ ដែលកំពុងបោះសម្លេងយ៉ាងខ្លាំងលើផ្នែកគុណភាពអប់រំទាំងក្នុងប្រទេស។

សូមបញ្ជាក់ថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យមកពីអាមេរិកធំៗពីរ គឺសាកលវិទ្យាល័យអារីហ្សូណា (The University of Arizona-UA) និងសាកលវិទ្យាល័យរដ្ឋហ្វតហេស៍ (Fort Hays State University-FHSU) បានសហការគ្នាបង្កើតកម្មវិធីសិក្សា សម្រាប់និស្សិតទទួលបានសញ្ញាបត្រពីរ (Dual Degree Program) ដោយនិស្សិតខ្មែរ ទាំងអស់មិនចាំបាច់ត្រូវ ទៅសិក្សានៅសហរដ្ឋអាមេរិកឡើយ ហើយក៏មិនចាំបាច់ចំណាយថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ៕