(កណ្ដាល)៖ អាជ្ញាធរស្រុកអង្គស្នួល សហការជាមួយក្រុមគណៈពង្រឹងចុះជួយស្រុកអង្គស្នួល និងសប្បុរសជន បានរៀបចំបើកការដ្ឋាន ដាក់លូរំដោះទឹកជំនន់ទឹកភ្លៀងនារដូវវស្សា ជាការឆ្លើយតបទៅ និងសំណូមពរ បន្ទាប់ពីប្រជាពលរដ្ឋជួបការលំបាកយូរណាស់ហើយ។
ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងភូមិឈូកធំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោមអធិបតីភាព លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល, លោក ស៊ូ គឹមស៊ុន ប្រធានគណៈពង្រឹងឃុំឆក់ឈើនាង និងជាអនុប្រធានគណៈពង្រឹងស្រុកអង្គស្នួល, លោក តាក់ ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើនាង ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរឃុំ សប្បុរសជន និងប្រជាពលរដ្ឋផងដែរ។
អាជ្ញាធរឃុំឆក់ឈើនាង បានលើកឡើងថា លូខាងលើមានមុខកាត់ ១,៥ម៉ែត្រ និងត្រូវដាក់កាត់ទទឹងផ្លូវបង្គោលប្រវែង១៥ម៉ែត្រ ប៉ុន្តែត្រូវដាក់៣ជួរ ដូច្នេះសរុបប្រវែង៤៥ម៉ែត្រ។ ដោយត្រូវចំណាយអស់ថវិកា ចំនួន១៧,៥០០ដុល្លារ ក្នុងនោះថវិកាផ្ទាល់របស់លោក នីម នីរ៉ាដេត ចំនួន៣,០០០ដុល្លារ, លោក ស៊ូ គឹមស៊ុន ចំនួន៦,៥០០ដុល្លារ ព្រមទាំងអនុប្រធានគណៈពង្រឹងចំនួន៤នាក់ទៀត រួមមានលោក តាក់ ជីឡៅ ចំនួន៥,០០០ដុល្លារ, លោក យ៉ែម យ៉ុន ចំនួន១,០០០ដុល្លារ, លោក ឃឿន សម្បត្តិ ចំនួន១,០០០ដុល្លារ, លោក ជា សារ៉េត ចំនួន១,០០០ដុល្លារ។
អភិបាលស្រុកអង្គស្នួល បានលើកឡើងពីការខិតខំអភិវឌ្ឍន៍នៅទូទាំងស្រុកអង្គស្នួល ដោយឡែកនៅក្នុងមូលដ្ឋានឃុំឆក់ឈើនាង ក៏មានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ហើយការអភិវឌ្ឍតែងតែមានការប៉ះពាល់ខ្លះៗមិនខានទេ ដូច្នេះសូមឲ្យប្រជាពលរដ្ឋមានការយោគយល់ រីឯប្រការមួយទៀត មិនអាចបិទរណ្ដៅដី ការជីក និងដឹកដីបានទេ ព្រោះតំបន់អភិវឌ្ឍន៍ប៉ុន្តែត្រូវឲ្យជីក និងដឹកត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
លោកបានបន្តថា ការបើកការដ្ឋានដាក់លូនាពេលេនេះ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង ដែលតែងតែជនលិចដំណាំស្រូវ និងភូមិឋានប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ មិនតែប៉ុណ្ណោះជូនតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយមិនត្រឹមតែរំដោះទឹកចេញពីក្នុងឃុំឆក់ឈើនាងប៉ុណ្ណោះទេ គឺរំដោះទាំងទឹកចេញពីភូមិមួយចំនួន របស់សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផងដែរ។
លោក ស៊ូ គឹមស៊ុន ក៏បានថ្លែងសុំឲ្យប្រជាពលរដ្ឋរួបរួមសាមគ្គីគ្នាឲ្យកាន់តែរឹងមាំ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលសព្វថ្ងៃ ក្នុងការកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន។ ជាពិសេសសូមថែរក្សាសុខភាពឲ្យបានល្អ ដើម្បីការពារជំងឺដង្កាត់ផ្សេងៗ រង់ចាំមើលការរីកចម្រើនរបស់ប្រទេសជាតិបន្តទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ដូចអ្នកផ្សេងទេ តែសន្យាគឺធ្វើហើយ មិនតែប៉ុណ្ណោះកុំជឿតាមការញុះញង់របស់ជនមួយចំនួន ដែលកំពុងអំពាវនាវមិនឲ្យទៅបោះឆ្នោតនោះឲ្យសោះ ព្រោះការបំផុសបែបនេះវាគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះត្រូវទៅបោះឆ្នោតទាំងអស់គ្នា៕