(រតនគិរី)៖ ករណីពលរដ្ឋនៅស្រុកវ៉ើនសៃ ខេត្តរតនគិរី បូមទឹកទន្លេសេសាន្តមកប្រើប្រាស់ ហើយរមាស់ចេញកន្ទួលក្រហម តាមច្រវែបដៃខុសធម្មតានោះ មន្ទីរសុខាភិបាលខេត្ត នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញមកបកស្រាយ និងអះអាងថា ករណីនេះមិនពិតនោះទេ ព្រោះមិនមានភ័ស្ដុតាងណាមួយ ដែលអាចរកឃើញថា មានរមាស់ ដោយសារការប្រើប្រាស់ទឹកទន្លេសេសាន្ដទេ។

តាមលិខិតបំភ្លឺដែលអង្គភាព Fresh News ទទួលបាន មន្ទីរសុខាភិបាលខេត្តរតនគិរី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលមួយសប្ដាហ៍នេះ នៅក្នុងមណ្ឌលខុសភាពទាំង៣ (មណ្ឌលខុសភាពវ៉ើនសៃ, កាចូន និងវិរៈជ័យ) ដែលមានទីតាំងស្ថិតនៅតាមដងទន្លេសេសាន្ដ ក្នុងស្រុកវ៉ើនសៃ ឃើញពុំរកឃើញ អ្នកជំងឺសើរស្បែកណាមួយ ចូលមកព្យាបាលនៅមណ្ឌលសុខភាពទាំង៣នោះទេ»

សូមជម្រាបថា ​យោងតាមរបាយការណ៍របស់អភិបាលស្រុកវ៉ើនសៃ បានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន៤នាក់ បានបូមទឹកទន្លេសេសាន្តយកមកប្រើប្រាស់ ស្រាប់តែមានរមាស់ចេញកន្ទួលក្រហម តាមច្រវែបដៃខុសធម្មតា។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។

របាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះបន្តថា អ្នកទាំង៤នាក់ដែលរងគ្រោះរួមមាន៖ ទី១-ឈ្មោះ ស៊ី ចាន់អាំង ភេទប្រុសអាយុ៦៨ឆ្នាំ មានទីលំនៅភូមិវ៉ើនសៃ, ទី២-ឈ្មោះ ខាំ ផន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិកាឡាន់, ទី៣-ឈ្មោះ ផន ឡៃ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិកាឡាន់ និងទី៤-ឈ្មោះ ម៉ុន ឡយ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកាឡាន់ (អ្នកទាំង៤នាក់នេះនៅស្រុកវ៉ើនសៃដូចគ្នា)។

បច្ចុប្បន្នអាការៈនេះ បានឈប់រមាស់ហើយ ដោយអ្នកទាំង៤នាក់នោះ បានយកក្រូចឆ្មាមកដុះលាបកន្លែងរមាស់។ បើតាមការសន្និដ្ឋានក្រុមការងារជាបឋមថា ការកើតមានកន្ទួលរមាស់លើរាងកាយនោះ ពុំមែនដោយសារទឹកទេ៕