(ព្រះសីហនុ)៖ កាលពីប្រមាណជាង២សប្ដាហ៍កន្លងទៅនេះ មានព័ត៌មានចចាមអារ៉ាមមួយ ដែលលើកឡើងអំពីការរកឃើញ និងជីកយករ៉ែមាសដោយក្រុមហ៊ុនចិនមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជីង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពលរដ្ឋ។
បន្ទាប់ពីលេចឮដំណឹងនេះ ក្រសួងរ៉ែ និងថាមពលក៏បានបញ្ជូន ក្រុមបច្ចេកទេសមួយក្រុម សហការជាមួយនឹងមន្ទីររ៉ែ និងថាមពលប្រចាំខេត្តព្រះសីហនុ ចុះទៅអង្កេតពីព័ត៌មាននេះ។
តាមការចុះអង្កេត ក្រសួងរ៉ែ និងថាមពល បានប្រកាសនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះថា «រ៉ែដែលបានប្រទះឃើញមិនមែនជា រ៉ែមាសដូចការលើកឡើងនោះឡើយ ប៉ុន្ដែជាប្រភេទរ៉ែពីរីត ដែលជាបណ្ដុំនៃសមាសធាតុដែក និងស្ពាន់ធ័រ មានរូបមន្ដគីមី FeS2 ដែលមានពណ៌ភ្លឺផ្លេក លឿងឬស ស្រដៀងនឹងមាស ដែលខ្មែរខ្លះហៅថា (មាសស្រួយ)»។
យោងតាមការប្រកាសរបស់ក្រសួង បានបញ្ជាក់ទៀតថា នៅទីតាំងការដ្ឋានជីកយកអាចម៌ដីនេះ រ៉ែពីរីតនេះត្រូបានឃើញមានជាលក្ខណៈស្រទាប់ស្ដើងកម្រាស់មិនលើពី២សង់ទីម៉ែត្រ នៅលាយឡំជាមួយស្រទាប់ធ្យូងថ្ម និងសិលាក្រែ។ ស្រទាប់ដ៏ស្ដើងនៃបណ្ដុះក្រាមពីរីតនេះមានតិចតួច នៅរាយប៉ាយដោយកន្លែងក្នុងស្រទាប់ធ្យូង និងពុំមានសក្ដានុពលសេដ្ឋកិច្ច ឬមានតម្លៃសម្រាប់ជីកយក និងធ្វើអាជីវកម្មទេ៕