(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសមួយថា ខ្លួននឹងសហការ ជាមួយអាជ្ញាធរខេត្តកោះកុង ចុះពិនិត្យ និងដោះស្រាយ ករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំនួន២ នៅខេត្តកោះកុង ចាប់ពីថ្ងៃចន្ទ សប្តាហ៍ក្រោយ រហូតដល់បញ្ចប់។
សេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា «យោងតាមលិខិតលេខ២០៥/១៨ ល.ស និងលិខិតលេខ២០៦/១៨ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកោះកុង សំណូមពររបស់ក្រុមប្រជាពលរដ្ឋ ៣១៦គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង និងសំណូមពររបស់ក្រុមប្រជាពលរដ្ឋ ១៧០គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានចាត់ក្រុមការងារចុះសហការជាមួយក្រុមការងាររបស់អាជ្ញាធរខេត្តកោះកុង ដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ដី ពាក់ព័ន្ធនឹងវិវាទខាងលើ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រហូតរួចរាល់ជាស្ថាពរ ឈានទៅដល់ដោះស្រាយបញ្ចប់»។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះជាង៣០០ គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន២ខាងលើ នៅខេត្តកោះកុង បានឡើងមកតវ៉ា រឿងដីធ្លីជាថ្មី នៅរាជធានីភ្នំពេញ តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ ដើម្បីស្វែងរកអន្តរាគមន៍ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី៖